ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦
លេខាធិការដ្ឋាននៃអង្គការ - សមាគមខ្មែរកម្ពុជាក្រោមប្រចាំព្រះរាជាណាចក្រកម្ពុជាក្រោមបានបើកអង្គប្រជុំប្រចាំខែឧសភា
នៅទីស្នាក់ការរបស់សមាគមសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ ភូមិគោកឃ្លាំង
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីរបស់លោកតាំង សារៈ
ប្រធានលេខាធិការដ្ឋាន និង ជាអធិបតីនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម ។
អង្គប្រជុំបានលើកឡើងពិភាក្សានូវរបៀបវារៈចំនួនបី
គឺ ករណីគំរូខ្លោងទ្វារថ្មីនៅខេត្តព្រះត្រពាំង
បញ្ហារៀបចំទិវាបាត់បង់ទឹកដី និង ការរៀបចំខួប១៥ឆ្នាំ
ថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជាសមាជិកអង្គការ UNPO ។
អំពីគំរូខ្លោងទ្វារថ្មីនៅខេត្តព្រះត្រពាំង
ដែលមន្ទីរស្ថាបនាខេត្តនេះកំពុងស្ទង់មតិប្រជាពលរដ្ឋ
លេខាធិការដ្ឋានបានឯកភាពប៉ុន្មានចំណុចដូចខាងក្រោមនេះ ៖
១. ទទួលយកគំរូមានលេខកូដសម្គាល់ MS13 ដែលបានបង្ហាញក្នុងការស្ទង់មតិ
តែសំណូមពរឲ្យបន្ថែមរចនាប័ទ្មខ្មែរដូចជា រូបគ្រុឌ កិន្នរ នាគ ។ល។
២. ដោយសល់ឃើញថា
ខ្លោងទ្វារចាស់ជាកេរ្តិ៍មរតករបស់ខ្មែរ ដូច្នោះការស្ទង់មតិនេះ
មិនត្រូវអនុញ្ញាតិឲ្យមានការចូលរួមរបស់ជនជាតិយួន ចិន ឬ
ជនជាតិដទៃក្រៅពីជនជាតិខ្មែរបានទេ ។
អង្គប្រជុំក៏បានឯកភាពថា
នឹងធ្វើលិខិតជូនទៅរដ្ឋាភិបាលវៀតណាមតាមរយៈក្រសួងការបរទេស និង
សហប្រតិបត្តិការកម្ពុជា និង
ទៅគណៈកម្មាធិការប្រជាជនខេត្តព្រះត្រពាំងតាមរយៈស្ថានទូតវៀតណាមប្រចាំកម្ពុជា
។
គួររំឭកឡើងថាលេខាធិការដ្ឋានអង្គការ – សមាគមខ្មែរកម្ពុជាក្រោមប្រចាំព្រះរាជាណាចក្រកម្ពុជា
បានបង្កើតឡើយនៅឆ្នាំ២០១៣ ដើម្បីប្រមូលផ្ដុំអង្គការ
សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជាក្រោមឲ្យឯកភាពដើម្បីដោះស្រាយបញ្ហាខ្មែរកម្ពុជាក្រោម
ដោយមានសមាជិកជាអង្គការ សមាគម ទាំង ១១ ។
ប្រធានលេខាធិការដ្ឋានត្រូវបានប្ដូរវេនមួយឆ្នាំមួយដង នៅឆ្នាំ២០១៥
ប្រធានលេខាធិការដ្ឋានត្រូវបានទទួលបន្ទុកដោយ លោក ប៊ុន មុនី ប្រធានមិត្តសមាគម
ហើយ ឆ្នាំ២០១៦ លោក តាំង សារៈ
អធិបតីមិត្តសមាគមក៏បានទទួលបន្ទុកជាប្រធានលេខាធិការដ្ឋាននេះផងដែរ ។