ព្រឹត្តិការណ៍ថ្មី

សកម្មភាព

វប្បធម៌

ព័ត៌មានថ្មីបំផុត

មិត្តសមាគមខ្មែរកម្ពុជាក្រោមបើកអង្គប្រជុំប្រចាំខែកក្កដា

7:50:00 AM
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មាធិការនាយកមិត្តសមាគមខ្មែរកម្ពុជាក្រោមរបានបើកកិច្ចប្រជុំពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពខាងមុខរបស់សមាគម ដោយមានការចូលរួមរបស់សមាជិកគណៈកម្មាធិការនាយក ក្រោយអធិបតីភាពរបស់លោក ប៊ុន មុនី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ។
ក្រោយពីថ្លែងកិច្ចស្វាគមន៍ចំពោះវត្តមានអង្គប្រជុំ និង ប្រកាសរបៀបវារៈនៃអង្គប្រជុំ លោកប្រធាន ប៊ុន មុនី បានថ្លែងអំពីស្ថានភាពសកម្មភាពរបស់មិត្តសមាគម ។ លោកមានប្រសាសន៍ថាក្នុងរយៈពេលកន្លងមកនេះ សកម្មភាពរបស់មិត្តសមាគមហាក់បីដូចជាមានការបង្អាក់បន្តិចដោយសារតែរូបលោកមានបញ្ហាសុខភាព និង បងប្អូនសមាជិកនៃគណៈកម្មាធិការនាយកមួយចំនួនមានធុរៈផ្ទាល់ខ្លួនជាច្រើន ម៉្យាងទៀតរយៈពេលកន្លងនេះ សង្គមខ្មែរក្រោមទាំងមូលក៏ពុំសូវមានអ្វីដែលជាបញ្ហាចោទឡើយ ។ បន្ទាប់មក អង្គប្រជុំបានពិភាក្សាលំអិតលើរបៀបវារៈដែលជាសកម្មភាពខាងមុខរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម រួមមាន ៖ ការបង្សុកូលឧទ្ទិសកុសលជូនបុព្វបុរស អ្នកមានគុណនឹងជាតិមាតុភូមិ ការកាន់បិណ្ឌក្នុងរដូវកាន់បិណ្ឌខាងមុខ សកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍ ៨០ឆ្នាំ ថ្ងៃចាប់បដិសន្ធិ (បង្កើត) នៃមិត្តសមាគមខ្មែរកម្ពុជាក្រោម និង ការរៀបចំដើម្បីចូលរួមប្រណាំងទូកង ក្នុងព្រះរាជពិធីអុំទូក ឡូយប្រទីប អកអំបុក និង សំពះព្រះខែនាពេលខាងមុខនេះ ។ អង្គប្រជុំបានឯកភាពទាំងស្រុងថា សមាគមនឹងរៀបចំពិធីដារបង្សុកូលឧទ្ទិសកុសលប្រគេនវីរសមណៈ វីរបុរសមានគុណនឹងសមាគម មានគុណនឹងជាតិ មាតុភូមិខ្មែរ នៅក្នុងទីស្នាក់ការកណ្ដាលរបស់សមាគម ក៏ដូចជារៀបចំប្រគេនចង្ហាន់ កាន់បិណ្ឌនៅវត្តសាមគ្គីរង្សី ១ វេន និង នៅវត្តភ្នំពេញថ្មី (ស្រុកចម្ការលើ ខេត្តកំពង់ចាម) ១ វេន ។ អង្គប្រជុំក៏បានឯកភាពថានឹងរៀបចំពិធីជួបជុំមួយដើម្បីជាបុណ្យខួបអនុស្សាវរីយ៍ថ្ងៃកំណើតសមាគម និង ជាឱកាសផ្សព្វផ្សាយអំពីគោលការណ៍ ប្រវត្តិ និង សកម្មភាពរបស់មិត្តសមាគម ។ រីឯបញ្ហាទូកង គណៈកម្មាធិការនាយកបានយល់ឃើញថា សកម្មភាពចូលរួមប្រណាំងទូកង ជាសកម្មភាពដ៏សំខាន់មួយរបស់មិត្តសមាគម និង ជាភារកិច្ចដែលបងប្អូនខ្មែរកម្ពុជាក្រោមបានប្រគល់ជូនមិត្តសមាគមខ្មែរកម្ពុជាក្រោម ដូច្នោះទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» របស់មិត្តសមាគមខ្មែរកម្ពុជាក្រោមត្រូវចូលរួមប្រណាំងជាការចាំបាច់ ។ ប៉ុន្តែ ដោយសារតែទូកងសព្វថ្ងៃរបស់សមាគមមានភាព ទ្រុឌទ្រោមយ៉ាងខ្លាំង ហើយមិនអាចចូលរួមប្រណាំងបានឡើយ នេះជាបញ្ហាចោទ តម្រូវឲ្យសមាគមត្រូវលៃលករកជាវទូកងថ្មី ។ ដើម្បីជាវបានទូកថ្មី ថវិកាមួយចំនួនគឺត្រូវតែមានពុំអាចខានបានឡើយ ហើយសមាជិកគណៈកម្មាធិការនាយកមិត្តសមាគមខ្មែរកម្ពុជាក្រោមគ្រប់រូបត្រូវដុតដៃដុតជើង និង សកម្មឲ្យមែនទែនដើម្បីអាចបំពេញបានភារកិច្ចដែលបងប្អូនខ្មែរកម្ពុជាក្រោមស្រឡាញ់ប្រគល់ជូន ។ យោងទៅតាមស្មារតីនៃអង្គប្រជុំនេះ គណៈកម្មាធិការនាយកនឹងកោះប្រជុំម្ដងទៀតនៅសប្ដាហ៍ក្រោយដើម្បីពិភាក្សាលំអិតអំពីកាលបរិច្ឆេទ និង វិធីសាស្ត្រអនុវត្តផែនការណ៍ទាំងបីដែលជារបៀបវារៈនៃអង្គប្រជុំនេះ ។


មិត្តសមាគមខ្មែរកម្ពុជាក្រោមសម្រេចធ្វើទូកងថ្មី

1:40:00 AM

អង្គ​ប្រជុំ​របស់​គណៈកម្មាធិការនាយក​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​កាល​ពី​ថ្ងៃអាទិត្យ ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៧ បាន​ពិភាក្សា​អំពី​ស្ថានភាព​ទូកង​របស់​មិត្តសមាគម ហើយ​យល់​ឃើញ​ថា ទូក​ង​ចាស់​ដែល​មិត្តសមាគម​កំពុង​មាន​ហើយ​ធ្លាប់​បាន​ចូល​រួម​ប្រណាំង​ក្នុង​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក និង សំពះ​ព្រះខែ​ក្នុង​ឆ្នាំ២០១៦ និង ១៦ ឆ្នាំ​កន្លង​នេះ គឺ​ចាស់​ និង មាន​ការ​ខូចខាត​ច្រើន​ណាស់ មិន​អាច​ប្រើប្រាស់​បាន​ទៀត​ទេ ។

សមាជិក​គណៈកម្មាធិការនាយក​ទាំងអស់​បាន​លើកឡើង​ថា កាល​ឆ្នាំ២០១៦ កន្លង​នេះ ទូកង​ដែល​មាន​ឈ្មោះ​ថា «ខ្មែរ​កម្ពុជាក្រោម​មានជ័យ» ដែល​ជា​ទូក​ង​តែ​មួយ​គត់​របស់​ខ្មែរ​កម្ពុជាក្រោម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង នៅ​ទូទាំង​ពិភពលោក​ក្រៅ​ដែនដី​កម្ពុជាក្រោម អាច​ចូល​រួម​ប្រណាំង​ដោយ​បាន​ពានរង្វាន់​លេខ២ ​គឺ​ដោយសារ​តែ​កត្តា​មនុស្ស ពោល​គឺ​គណៈកម្មការ​ទូ និង កីឡាករ​បាន​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព រីឯ​កត្តា​ទូក​វិញ គឺ​ការ​ដាក់​ចុះ​ទឹក​បាន​ក៏​ជា​បញ្ហា​ធំ​ដែរ កុំ​ថា​ឡើង​ចូលរួម​ប្រណាំង​ ។

ក្រោយ​ពី​បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់ អង្គប្រជុំ​បាន​ឯកភាព ១០០% សម្រេច​ថា គណៈកម្មាធិការនាយក​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​នឹង​ធ្វើ​ទូក​ង​ថ្មី​តាម​បែប​ខ្មែរ​កម្ពុជាក្រោម​ដើម្បី​បន្ត​ចូលរួម​ក្នុង​ការ​ប្រណាំង​ទូកង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​ខាង​មុខ​ទៀត ។

គណៈកម្មាធិការនាយក​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ក៏​ឯកភាព​នឹង​បើក​អង្គប្រជុំ​មួយ​ទៀត​នៅ​ថ្ងៃអាទិត្យ ទី០៥ ខែ​មីនា ឆ្នាំ២០១៧ ខាង​មុខ​ដើម្បី​ពិភាក្សា​លំអិត​អំពី​គម្រោង​ថវិកា និង មធ្យោបាយ​ទាំងឡាយ​ដែល​ធ្វើ​បាន​ទូក​ង​ខ្មែរ​កម្ពុជាក្រោម​ថ្មី ។


មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ចូល​រំលែកទុក្ខ​លោកតា សុខ ជា

10:08:00 PM
ថ្ងៃទី០៨ ខែ​កុម្ភៈ ឆ្នាំ២០១៧ គណៈប្រតិភូ​គណៈកម្មាធិការនាយក​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ និង រំលែក​ទុក្ខ​នឹង​គ្រួសារ​លោក​តា សុខ ជា នៅ​គេហដ្ឋាន ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។ 


លោក​តា​សុខ ជា កើត​នៅ​ឆ្នាំ​១៩៣៧ នៅ​ឃុំ​បឹង​ទន្សា ស្រុក​បាយ​ឆៅ ខេត្ត​ឃ្លាំង កម្ពុជាក្រោម លោក​បាន​ទទួល​អនិច្ចកម្ម​នៅ​យប់​ថហថៃទី០៦ ខែ​កុម្ភៈ ឆ្នាំ២០១៧ ដោយ​ចាស់ជរា ។

លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម បាន​ថ្លែង​ទៅ​កាន់​គ្រួសារ​នៃ​សព​នូវ​សេចក្ដី​អាឡោះអាល័យ​នឹង​រំលែក​នូវ​ទុក្ខ​ដ៏​ធំ​ទម្ងន់​ចំពោះ​ការ​បាត់បង់​ស្វាមី ឪពុក ឪពុក​ក្មេក ជីតា តាទួត​របស់​គ្រួសារ ។

ក្នុង​ឱកាស​នេះ គណៈប្រតិភូ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ក៏​បាន​ជូន​ក្រុម​គ្រួសារ​នូវ​ថវិកា​ចំនួន ២០០,០០០៛ (ពីរ​សែន​រៀល) និង អង្ករ​មួយ​បាវ ដែល​ជា​ការ​ចូលរួម​រំលែក​ទុក្ខ​របស់​សមាជិក សមាជិកា​គណៈកម្មាធិការនាយក ។

គួរ​រំឭក​ផង​ថា លោក​តា​ សុខ ជា មាន​កូន កូន​ប្រសារ និង ចៅ ទាំង​អស់​ដល់​០៥ នាក់ ជា​សមាជិក​យ៉ាង​សកម្ម​តែង​តែ​ចូលរួម និង គាំទ្រ​សកម្មភាព​ទាំងឡាយ​របស់​​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ។