ខ្មែរកម្ពុជាក្រោម នៅកម្ពុជាប្រារព្ធពិធីអំណរបុណ្យចូលឆ្នាំ

11:47:00 PM
ថាច់ រតនា | កាល​ពី​ថ្ងៃទិ០៣ ខែ​មេសា ឆ្នាំ២០១៦ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម និង សមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​វត្ត​សាមគ្គី​រង្សី ភូមិទ្រា២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដោយ​មាន​អ្នក​ចូល​រួម​សរុប​ជិត ៥០០ នាក់ ។

ពិធី​នេះ​បាន​ចាប់​ដើម​ពី​ម៉ោង០៩ ព្រឹក និង ចប់​នៅ​វេលា​ម៉ោង​១៣ ដោយ​មាន​កម្មវិធី​សាសនកិច្ច និង លេង​ល្បែង​ប្រជាប្រិយ ។ លោក ស៊ីម វិចិត្រ អគ្គលេខាធិការ​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​ឲ្យ​ដឹង​ថា សមាគម​លោក​តែង​តែ​រៀបចំ​កម្មវិធី​នេះ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​រំឭក​គុណ​វីរបុរស​ដែល​បាន​បូជា​ជីវិត​ដើម្បី​ជាតិ សាសនា និង មាតុភូមិ នៃ​ខ្មែរ​កម្ពុជាក្រោម ហើយ​នេះ​ក៏​ជា​ឱកាស​សម្រាប់​យុវជន ជា​ពិសេស​យុវជន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​សំដែង​កតញ្ញូតាធម៌​ចំពោះ​ចាស់ព្រឹទ្ធាចារ្យ​ដែល​មាន​គុណ​បំណាច់​ចំពោះ​សង្គម​ខ្មែរ​កម្ពុជាក្រោម ។

ថ្លែង​ក្នុង​កម្មវិធី​ជួបជុំ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម ស្ថិត​នៅ​ក្នុង​ពិធី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ លោក សម្បត្តិ ស៊ីណា ប្រធាន​ស្នងការ​យុវជន វប្បធម៌ អប់រំ និង កីឡា របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​លើក​ឡើង​ថា ពិធី​បែប​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​រក្សា​វប្បធម៌ ប្រពៃណី​ខ្មែរ​ នា​ពេល​ដែល​អាជ្ញាធរ​យៀកណាម​កំពុង​ខិតខំ​លុប​បំបាត់​វប្បធម៌ អារ្យធម៌ ខ្មែរ​នៅ​ដែន​កម្ពុជាក្រោម ហើយ​ខ្មែរ​កម្ពុជាក្រោម​ត្រូវ​រស់​នៅ​ក្រោម​ការ​កៀបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ហាណូយ ។

ក្រោយ​កម្មវិធី​ជួបជុំ​ ពិធី​ក៏​បាន​បន្ត និង បញ្ចប់​ដោយ​កម្មវិធី​លេង​ល្បែង​ប្រជាប្រិយ និង សិល្បៈ ដោយ​មាន​ការ​ចូល​រួម​របស់​យុវជន និស្សិត កម្មករ កម្មការនី ខ្មែរ​កម្ពុជាកា្រម និង ខ្មែរ​មក​ពី​គ្រប់​ទិសទី​ ដែល​កំពុង​សិក្សា និង ប្រកបមុខរបរ​រកស៊ី​នៅ​ក្រុង​ភ្នំពេញ ។

វិទ្យុសេរីភាព​កម្ពុជាក្រោម ​ក៏​សូម​រំឭក​ឡើង​ថា ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំ​វក​អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ នឹង​ត្រូវ​បាន​ប្រារព្ធ​ក្នុង​រយៈ​ពេល ៤ ថ្ងៃ គឺ ថ្ងៃទី១៣ ១៤ ១៥ និង ១៦ ខែ​មេសា ឆ្នាំ​២០១៦ ត្រូវ​នឹង​ថ្ងៃ ០៧ ០៨ ០៩ និង ១០ កើត ខែចេត្រ ពុទ្ធសករាជ ​២៥៥៩ ខាង​មុខ​នេះ។








ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »