Showing posts with label ប្រវត្តិសាស្ត្រ. Show all posts
Showing posts with label ប្រវត្តិសាស្ត្រ. Show all posts

ទីស្នាក់ការដំបូងរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម

5:09:00 AM
នេះ​ជា​ទីស្នាក់ការ​ដំបូង​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ស្ថិត​នៅ​ខាង​កើត​វត្ត​ឃ្លាំង ទីរួមខេត្ត​ឃ្លាំង ដែនដី​កម្ពុជាក្រោម ដែល​សព្វថ្ងៃ​ត្រូវ​បាន​រដ្ឋអំណាច​យៀកណាម​យក​ធ្វើ​ជា​សាលា​បំពេញ​វិជ្ជា​​បាលី​មធ្យមសិក្សា​ណាមបូ (Trường Bổ túc Văn hóa Pali Trung cấp Nam Bộ) ។


អាគារ​នេះ​ត្រូវ​បាន​សម្ពោធន៍​កាល​ពី​ឆ្នាំ​១៩៣៧ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហនុ ដែល​កាលនោះ ព្រះអង្គ ទ្រង់​គង់​ជា​ព្រះអង្គ​ម្ចាស់ និង កំពុង​បំពេញ​ព្រះរាជកិច្ច​សិក្សា​នៅ​សាលា​សះស្ល៊ូ ឡូ​បា (Lycée Chasseloup Laubat) នា​ទីក្រុង​ព្រៃនគរ ។

ដល់​ឆ្នាំ​១៩៤៩ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​ប្ដូរ​ទីតាំង​មក​មហា​វិធី​កម្ពុជាក្រោម ។
ដល់​ឆ្នាំ​១៩៧៥ ក្រោម​របប​កម្ពុជាក្រោម​ប្រជាធិបតី មិត្តសមាគម​ក៏​ដូច​ជា​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ត្រូវ​រំសាយ ។

ដល់​ឆ្នាំ​១៩៩២ មិត្តសមាគម​បាន​ចាប់ផ្ដើម​កសាង​ឡើង​វិញ ដោយ​បាន​ទទួល​លិខិត​អនុញ្ញាត​ពី​​​ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហនុ ដែល​កាលនោះ ព្រះអង្គ ទ្រង់​គង់​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​កម្ពុជា (SNC) ហើយ​មាន​ទីស្នាក់ការ​នៅ​មហាវិថី​កម្ពុជាក្រោម​ដូច​ដដែល ។

ពី​ឆ្នាំ២០០២ រហូត​មក​ដល់​ពេល​នេះ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​វត្ត​សាមគ្គី​រង្សី ភូមិទ្រា២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ដែល​បាន​លោក​ឧកញ៉ា ឡឹម ឯម បង្កើត​កាលពី​ឆ្នាំ​១៩៣៧ មាន​មោទនភាព​ជា​សមាគម​របស់​ខ្មែរ​កម្ពុជាក្រោម​បាន​បង្កើត​មុន​គេ​បង្អស់ ហើយ​មាន​អាយុកាល​យូរ​ជាង​គេ​បង្អស់ ។

មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​បង្កើត​ដើម្បី​បម្រើ​បងប្អូន​ខ្មែរ​កម្ពុជាក្រោម និង ជា​ស្ពានមេត្រី រវាង​បងប្អូន​ខ្មែរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង បងប្អូន​ខ្មែរ​មាន​ដើម​កំណើត​​កម្ពុជាក្រោម ។ សប្វថ្ងៃ​នេះ ស្នាក់​ដឹកនាំ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​គ្រប់​លំដាប់ថ្នាក់​បាន​ខិតខំ​បន្ត​វេន​របស់​លោក​ឧកញ៉ា ឡឹម ឯម បម្រើ​បងប្អូន​ខ្មែរ​កម្ពុជាក្រោម និង រិត​ចំណង​សាមគ្គីភាព មេត្រីភាព​រវាង​ខ្មែរ​កម្ពុជាក្រោម និង បងប្អូន​ខ្មែរ​នៅ​ទូទាំង​ពិភពលោក ជា​ពិសេស បងប្អូន​ខ្មែរ​កម្ពុជា​ជា​ជន​រួម​លោហិត​របស់​យើង ។


ភាគ៤. ប្រវត្តិសាស្រ្ត​ដែនដីកម្ពុជាក្រោម អំពី​ភស្តុតាងដែលបញ្ចាក់ដែនដីកូសាំងស៊ីន​ជារបស់កម្ពុជា

12:10:00 AM

កម្ពុជាក្រោម​ជា​ទឹកដី​ដែល​មាន​ចំណាស់​ជាង​គេ​បង្អស់​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍។ ប្រជារាស្ត្រ​ខ្មែរ​បាន​ចាប់​ឆ្ការព្រៃ ទន្ទ្រាន​កាន់កាប់​តាំង​លំ​នៅ​ៗ​លើ​ទឹកដី​នេះ​មុនគេ​បង្អស់ ។ កាល​ដើម​ឡើយ​ ទឹកដី​កម្ពុជាក្រោម​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់ ព្រះរាជា​ណា​ចក្រ​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ព្រះរាជា​ខ្មែរ​គ្រប់​ជំនាន់ ។ លុះ​ដល់​ឆ្នាំ១៨៥៥​ ពេល​ដែល​បារាំង​ចូល​មក ដល់​កម្ពុជាក្រោម យក​ទឹកដី​នេះ​ដាក់ក្រោម​ការត្រួតត្រា​របស់​ខ្លួន​ជា​រៀង​រហូត ។ មកដល់​ឆ្នាំ១៩៤៩ អាណានិគម​បារាំង​ ក៏​ធ្វើ​ច្បាប់​លេខ​៤៩-៧៣៣ ចុះ​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ប្រគល់​ឱ្យ​អាជ្ញាធរ​វៀតណាម​ធ្វើ​អាណានិគម​ជា​បន្ត​រហូត​ដល់ សព្វ​ថ្ងៃ ។



ក្រុម​ភូមិ​វិទូ និង ប្រវត្តិ​វិទូ​ក្នុង​សកលលោក ដែល​ជា​អ្នក​ឯកទេស​ខាង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ តែងតែ​បាន​សរសេរ អំពី​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជាក្រោម​យ៉ាង​ក្បោះក្បាយ ព្រម​ទាំង​បាន​បញ្ចេញ​យោបល់​ថា​“កម្ពុជាក្រោម ​ជា​បុព្វសិទ្ធិ​របស់​ខ្មែរ ប្រជារាស្ត្រ​ខ្មែរ​មាន​សិទ្ធិ​បរិបូរណ៍​ក្នុង​ការ​ទាមទារ​ទឹកដី​កម្ពុជាក្រោម​មក​វិញ...” ។ សូម្បី​តែ​អ្នក​ប្រាជ្ញ​ជនជាតិ​វៀតណាម​ឈ្មោះ​ត្រឹង ហ្វាយ​ឌឹក (Trần Hoài Đức) ដែល​បាន​សរសេរ​សៀវភៅ​ឈ្មោះ​ “យ៉ា​ឌីញ​ទុង​ជី​” ក្នុង​ឆ្នាំ១៨៣០ ក៏​បាន​ទទួល​ស្គាល់​ថា​កម្ពុជាក្រោម​ជា​ទឹកដី​របស់​ខ្មែរ​ដែរ ។ ក្រៅពី​នេះ ​នៅ​មាន​ភស្តុតាង​ជា​ច្រើន​ទៀត ដូច​ជា​វត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរ​ជាង​៥៦០​វត្ត សិលា​ចារិក ប្រាសាទ​សិលា និង សិល្បៈ​នានា​មាន​ទេពកោសល្យ​ខ្ពស់​ដូច​រចនាបថ​ថ្ម​អង្គរ​វត្ត មាន​នៅ រាយប៉ាយ​ពាសពេញ​លើ​ទឹកដី​កម្ពុជាក្រោម ។ ​ប៉ុន្តែ​បច្ចុប្បន្ន​ឈ្មោះ​ភូមិ ឃុំ ស្រុក ខេត្ត​ជា​ភាសា​ខ្មែរ ត្រូវ​អាជ្ញាធរ​អាណានិគម​វៀតណាម ​ប្ដូរ​មក​ជា​សំនៀង​ភាសា​វៀតណាម​ជាច្រើន​លើក​ច្រើន​សា​ទាំងស្រុង​តែ​ម្តង ។ សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​នេះ អាជ្ញាធរ​អាណានិគម​វៀតណាម​ បាន​ធ្វើ​ឡើង​នៅ​គ្រប់​សម័យកាល គ្រប់​របបនយោបាយ ដើម្បី​បំភ័ន្ត​សាធារណមតិ​ជាតិ និង អន្តរជាតិ ។

ក្រៅ​អំពី​ភស្តុតាង​បូរាណ​វត្ថុ​វិទ្យា​នេះ មាន​ផែនទី​ពី​សម័យ​ដើម​ក៏បាន​បញ្ជាក់​ច្បាស់​ផង​ដែរ​គឺ៖

១- ផែនទី​ឥណ្ឌូចិន​នៅ​សតវត្ស​ទី៧ និង ទី៨៖

តាម​ផែនទី​ទាំងនេះ យើង​បាន​មើល​ឃើញ​យ៉ាង​ច្បាស់លាស់​បំផុត​អំពី​ទីតាំង​របស់​ប្រទេស​កម្ពុជា ដោយ​និយាយ​ ធៀបប្រៀប​ទៅ​នឹង​ប្រទេស​ជិតខាង​របស់​ខ្លួន​គឺ ​ប្រទេស​សៀម ប្រទេស​លាវ ប្រទេស​អណ្ណាម និង នគរ​ចំប៉ា ។នៅ​ក្នុង​សៀវភៅ “ប្រវត្តិសាស្ត្រ​កម្ពុជា” ត្រង់​ទំព័រ​ទី​១១(Histoire du Cambodge, Madrolle) លោក ម៉ាដ្រុល បាន​សរសេរ​ថា ផ្នែក​ដែនដី​រួម​នៅ​ក្នុង​ព្រំដែន​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នេះ​ ហើយ​គឺ ជា​ផ្នែក​ទាំងស្រុង​មួយ​នៃ​បូរណភាព​ទឹកដី​របស់​ខ្មែរ (គឺ​ជា​របស់ ខ្មែរ​ទាំងស្រុង) ។

២- ផែនទី​ឥណ្ឌូចិន​មួយទៀត គូរ​នៅ​ឆ្នាំ​១៥៩៣៖

ចំនួន​៧០០​ឆ្នាំ​ក្រោយមកគឺ នៅ​ក្នុង​ឆ្នាំ១៥៩៣ ផែនទី​ឥណ្ឌូចិន​មួយទៀត​ដែល​គេ​បាន​គូរ​ជា​ថ្មី​ឥតមាន​កែប្រែ​គំនួរ (Traces) របស់​ផែនទី​គូរ​នា​សតវត្ស​ទី៧​សោះ​នោះ ។ កូសាំងស៊ីន​ក្រោម ដែល​កើត​ឡើង​ដោយ​ដីដុះ និង ល្បប់​ទន្លេ​មេគង្គ ជា​ទីតាំង​បន្ត​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​លើ​ដីដុះ​ធម្មជាតិ (Contiuation Geologique) នៃ​ប្រទេស​គោក​ធ្លក ។

៣- ផែនទី​ឥណ្ឌូចិន​គូរ​នៅ​ឆ្នាំ១៦៣៨៖

ចំនួន​៣០ឆ្នាំ​ក្រោយមក​ទៀត គេ​បាន​គូរ​ផែនទី​មួយទៀត​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា “កូសាំងស៊ីន​បច្ចុប្បន្ន​
ដែល​ជា​ដែន​ដី​ប៉ែក​សមុទ្រ​របស់​ប្រទេស​កម្ពុជា នៅ​តែ​ជា​ដែនដី​ទាំងមូល​រួម​ក្នុង​ប្រទេស​កម្ពុជា ​ប្រទេស​នេះ (កម្ពុជា) លាតសន្ធឹង​តែ​ម្នាក់ឯង​គត់​រហូត​ដល់​សមុទ្រ​ដែល​ជា​ព្រំដែន​ខាងត្បូង និង អាគ្នេយ៍​របស់​ប្រទេស​នេះ” ។

៤- ផែនទី​មហា​អាស៊ី​បូព៌ា៖

ផែនទី​មហា​អាស៊ី​បូព៌ា (ដែល​សម្គាល់​តំបន់​សមុទ្រ​ប៉ែក​ខាងត្បូង) គូរ​នៅ​ក្នុង​សម័យ​បារាំង​រុករាន​អាស៊ី​បាន​ដាក់​ព្រំដែន​យ៉ាង​ច្បាស់លាស់​បំផុត ។ ផែនទី​នេះ ​បាន​ទាំង​បង្ហាញ​យ៉ាង​ច្បាស់​ពី​ប្រទេស​កម្ពុជា​ដែល​លាតសន្ធឹង​ចាប់ពី​ព្រំប្រទល់​នៃ​​ប្រទេស​លាវ រហូត​ដល់​សមុទ្រ (តាម​ខ្សែ​ទន្លេ​មេគង្គ) ដោយ​ក្រសោប​កម្ពុជាក្រោម​ទាំងមូល​ដែល​ជា​ផ្នែក​ទាំងស្រុង​មួយ​របស់​ព្រះរាជា​ណា​ចក្រ​ខ្មែរ ។

៥- ផែនទី​ឥណ្ឌូចិន​របស់​លោក រ៉ូបែរ គូរ​ក្នុងឆ្នាំ១៧១៧៖

ផែនទី​មួយទៀត​ដែល​គូរ​ដោយ​លោក រ៉ូ-បែរត៍ (Robert) ក្នុង​ឆ្នាំ១៧១៧ នៅ​ក្នុង​សៀវភៅ “ឥណ្ឌូចិន (Indo- chine) ទំព័រ​១១៧ ក្បាល​ទី១ បាន​ផ្ដល់​ឯកសារ​ថ្មី​មួយទៀត​ថា កម្ពុជាក្រោម​ជា​ដែនដី​របស់​ប្រទេស​កម្ពុជា ។

៦- ផែនទី​របស់​លោក ឌៀ រវីល ឆ្នាំ១៧៥៥៖

ពេល​ខាង​ក្រោយ​បន្តិច​មក​គឺ មុន​សន្ធិសញ្ញា​ក្រុង វ៉ែរ សៃ ឆ្នាំ១៧៨៧ ដែល​ចុះ​ហត្ថលេខា​រវាង​លោក អេវ៉ែក ដាដ្រង់ (Eveque d’Adran) ជា​តំណាង​ប្រទេស​អណ្ណាម និង ប្រទេស​បារាំង ហើយ​ដែល​តាម​សន្ធិសញ្ញា​នេះ​ លោក អេវ៉េក ដាដ្រង់ បាន​នាំ​ទាហាន​បារាំង​មួយ​ក្រុម​ចូល​មក​វាយ​យក​កម្ពុជាក្រោម​ជា​ទឹកដី​ទាំងស្រុង​របស់​ប្រទេស​កម្ពុជា (សៀវភៅ​ឥណ្ឌូចិន... ក្បាល​ទី១ ទំព័រ​ទី១៣៥ (L’Indochine Tome I, page 135) ។ ផែនទី​ទាំងនេះ សុទ្ធតែ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កម្ពុជាក្រោម​ជា​ទឹកដី​របស់​ខ្មែរ​ពិតៗ មិន​អាច​ប្រកែក​បាន ។ ការ ​ហូរ​ចូល​ជនជាតិ​យួន​ដំបូង​បង្អស់​នៅ​កម្ពុជាក្រោម តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​បាន​សរសេរ​ថា ​ជនជាតិ​យួន​ដែល​តាំង​ទីលំនៅ​ៗ​លើ​ទឹកដី​កម្ពុជាក្រោម​ដំបូង​បង្អស់​នៅ​ឆ្នាំ១៦២ ។

ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី២ (១៦១៨-១៦២៥) ដោយ​ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះរាជ​បុត្រី​ទី៨​របស់​ព្រះចៅ​យួន​ឈ្មោះ កូ ជិន (Cô Chin) នៃ​រាជវង្ស​ហ្វៀង (Nguyễn) ។ តាម​រយៈ​ព្រះរាជ​អគ្គមហេសី​ជា​ជនជាតិ​យួន​ដ៏​មហិមា​នៃ​ជនជាតិ​នេះ គេ​បាន​ឃើញ​ជនជាតិ​យួន​តាំង​ទីលំនៅ​ៗ​លើ​ទឹកដី​ កម្ពុជាក្រោម​លើកដំបូង​បង្អស់​ចាប់ពី​ពេល​នោះ​មក ។ ប៉ុន្តែ​មិនមែន​មានន័យ​ថា​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី២​កាត់​ទឹកដី​កម្ពុជាក្រោម​ ឱ្យ​យួន​ស្របច្បាប់​នោះ​ដែរ ។ អន្តោប្រវេសន៍​យួន​ខុសច្បាប់​ទាំងនោះ កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ ព្រមទាំង​បាន​រៀបចំ​ ក្បាល​ម៉ាស៊ីន​ត្រួតត្រា​ទឹកដី​កម្ពុជាក្រោម​ជា​បន្តបន្ទាប់​រហូត​មកដល់​សព្វថ្ងៃ ។

ប្រភព៖ សហគមន៍ខ្មែរកម្ពុជាក្រោម 

ភាគ៣. ប្រវត្តិសាស្រ្តដែនដីកម្ពុជាក្រោម អំពីសង្គមកិច្ច វប្បធម៌ និងសេដ្ឋកិច្ច

12:08:00 AM

អំពី​សង្គមសាស្ត្រ៖
ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ជា​ជាតិសាសន៍​ស្លូតត្រង់ គោរព​ជំនឿ​ព្រះពុទ្ធសាសនា​៩៩% ។ ការ​រស់នៅ​របស់ ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម មាន​ទំនៀមទំលាប់ វប្បធម៌ ប្រពៃណី​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ១០០% គ្រាន់​តែ​ខុស​គ្នា​ត្រង់​សំលៀក​បំពាក់ និង សំនៀង​ភាសា​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ។

ព្រះសង្ឃខ្មែរក្រោម នៅខេត្តព្រះត្រពាំង​
 នៅ​កម្ពុជាក្រោម មាន​វត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរ​ជាង​៥៦០​វត្ត មាន​ព្រះសង្ឃ​គង់នៅ​ជាង​២០.០០០​អង្គ ។ វត្ត​ព្រះពុទ្ធ សាសនា​ និង ព្រះសង្ឃ​ជា​ព្រលឹង​នៃ​ជាតិ​ខ្មែរ​កម្ពុជាក្រោម​ ។ វត្ត​ជាទី​ប្រជុំជន​ ជា​កន្លែង​អប់រំ​សីលធម៌​ ជា​កន្លែង​បណ្ដុះ​ បណ្តាល​ធនធាន​មនុស្ស​ ជា​កន្លែង​ផ្តល់​ព័ត៌មាន​ ផ្សព្វផ្សាយ​ព័ត៌មាន​ ៘ ការ​ទាក់ទង​គ្នា​ក្នុង​សង្គម​ខ្មែរ​កម្ពុជាក្រោម គឺ​ជា​ភាសា​ខ្មែរ​ និង​ អក្សរ​ខ្មែរ ។ រីឯ​ការ​ប្រើប្រាស់​ជា​ផ្លូវ​ការ ​គឺ​ភាសា​ និង​ អក្សរសាស្ត្រ​វៀតណាម ។ 

អំពី​វប្បធម៌៖
មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌​សំខាន់​បំផុត​នៅ​កម្ពុជាក្រោម​គឺ​ស្ថិត​នៅ​ក្នុង​វត្ត​ព្រះពុទ្ធ​សាសនា​ទាំង​ជាង​៥៦០​វត្ត ។ វត្ត​ព្រះពុទ្ធ​សាសនា​ទាំង​នេះ​ហើយ​ដែល​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​ក្នុង​ការ​ការពារ​ពូជសាសន៍​ វប្បធម៌​ អក្សរ​សាស្ត្រ​ ភាសា​សាស្ត្រ​ និង ទំនៀមទម្លាប់​ ប្រពៃណី​ខ្មែរ​នៅ​កម្ពុជាក្រោម​ឱ្យ​រស់​រាន​មាន​ជីវិត​រហូត​ដល់​សព្វថ្ងៃ ។
ការ​សិក្សា​រៀនសូត្រ​ វប្បធម៌​ អក្សរ​សាស្ត្រ​ខ្មែរ គឺ​មាន​តែ​ក្នុង​វត្តអារាម​ប៉ុណ្ណោះ ។ អាជ្ញាធរ​អាណានិគម​វៀតណាម​មិន​អនុញ្ញាត​ឱ្យ​មាន​សាលា​រៀន​ភាសា​ខ្មែរ​នៅ​តាម​ភូមិស្រុក​ឡើយ ។ 

ការសំដែងសីល្បៈប្រពៃណីខ្មែរក្រោម នៅខេត្ត​ពលលាវ
ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម គោរព​ទំនៀម​ទំលាប់ វប្បធម៌​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត​ ដូច​ជា​ពិធី​អាពាហ៍ពិពាហ៍​ បុណ្យ​បូជា​សព បុណ្យ​ក្នុង​ព្រះពុទ្ធ​សាសនា បុណ្យ​ចូលឆ្នាំ ភ្ជុំបិណ្ឌ អកអំបុក សំពះ​ព្រះខែ​ជា​ដើម ។
រីឯ​សំលៀក​បំពាក់​មាន​ការ​ប្រែប្រួល​ច្រើន ដោយ​សារ​អាណានិគម​វៀតណាម​បាន​បង្ខំ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​កម្ពុជាក្រោម​ស្លៀកពាក់​តាម​បែប​ប្រពៃណី​វៀតណាម ។ ដូច​នេះ ​ការ​ស្លៀក​ពាក់​តាម​បែប​ប្រពៃណី​ខ្មែរ​មាន​តិច​តូច​បំផុត ស្ទើរតែ គ្មាន​តែ​ម្តង ។

អំពី​សេដ្ឋកិច្ច៖
សេដ្ឋកិច្ច​សំខាន់​បំផុត​នៅ​កម្ពុជាក្រោម​គឺ​កសិកម្ម ។ ប្រជារាស្ត្រ​កម្ពុជាក្រោម​៩៥%​ជា​កសិករ​ ប៉ុន្តែ​ពុំបាន​ធ្វើ ឱ្យ​ជីវភាព​របស់​ពួកគាត់​ធូរធារ​ឡើយ ដោយ​សារ​ថា​ កសិផល​ទាំងនោះ​ត្រូវ​ឋិត​នៅ​ក្រោម​ការត្រួតត្រា​របស់​អាណានិគម វៀតណាម​យ៉ាង​តឹងរ៉ឹង​បំផុត ។ 
នៅ​ឆ្នាំ​១៩៧៥ ពួក​កុម្មុយនីស្ត​វៀតណាម​បាន​ត្រួតត្រា​អំណាច​នៅ​លើ​ទឹកដី​វៀតណាម​ទាំងមូល ។ ចាប់​ពី​ពេល នោះ​មក អាជ្ញាធរ​អាណានិគម​វៀតណាម​ បាន​រឹបអូស​យក​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងស្រុង មក​ទុក​ជា​សម្បត្តិ រួម​បង្កើត​ទៅ​ជា​សហករណ៍ ។ ទន្ទឹម​នឹង​នោះ រដ្ឋ​អំណាច​អាណានិគម​វៀតណាម​បាន​ចាប់ផ្តើម​កេណ្ឌ​មនុស្ស​ជីក​ព្រែក​ខ្វាត់ខ្វែង ដែល​ពួក​អាណានិគម​យួន​ហៅថា​ នយោបាយ​ទឹក​ដើម្បី​ស្រោច​ស្រប​ដំណាំ​កសិកម្ម ។ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ជីកព្រែក​រួច​ អាជ្ញាធរ​អាណានិគម​វៀតណាម​បែរ​ជា​បញ្ជូន​ប្រជាជន​យួន​ទៅ​រស់​នៅ​តាម​ភ្លឺ​ព្រែក​ទាំង​នោះ ហើយ​ក៏​ចាប់ផ្តើម​ចែក​ដីស្រែ​ ជាថ្មី​ឡើងវិញ ។ ពេលនោះ​ហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ធ្លាក់​ខ្លួន​ក្រីក្រ​វេទនា​ជាទី​បំផុត​ ព្រោះ​ពុំ​មាន​ដីស្រែ​ចំការ និង មុខរបរ​ពិតប្រាកដ ហើយ​ក៏​បង្ខំ​ចិត្ត​ដើរ​ស៊ីឈ្នួល​ប្រជាជន​យួន​ទៅ​តាម​តំបន់​ផ្សេងៗ​ ។ រីឯ​ជនជាតិ​យួន​វិញ​គេ​បាន​ប្រជ្រៀត​ ចូល​រស់នៅ​ក្នុង​តំបន់​ខ្មែរ ​និង​មាន​ដីស្រែ​ចំការ​យ៉ាងច្រើន​ក្រាស់ក្រែល​ថែម​ទៀត ។
ខ្ទឹមក្រហម​របស់​បងប្អូនខ្មែរក្រោម នៅស្រុក ជ្រោយញរ ខេត្តឃ្លាំង
បច្ចុប្បន្ន ​នៅពេល​ប្រជារាស្ត្រ​ខ្មែរ​ធ្លាក់​ខ្លួន​ក្រីក្រ ពួក​ជនជាតិ​យួន​(មិន​ដឹង​បាន​ប្រាក់​ពីណា​)បាន​ដើរ​ទិញ​ដីស្រែ​ចំការ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ជា​បង្ហើយ​ចុង​ក្រោយ ។ ដូច្នេះ ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ត្រូវ​ក្លាយ​ជា​ទាសករ នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន​យ៉ាង​វេទនា​បំផុត ។ ចំណែក​ឯ​ក្រុមហ៊ុន​ សិប្បកម្ម រោងចក្រ ពិសេស​រោងចក្រ​កាត់ដេរ សំលៀក​បំពាក់ អាជ្ញាធរ​អាណានិគម​វៀតណាម​ មិនបាន​ពង្រីក​ទៅ​ដល់​តំបន់​ប្រជារាស្ត្រ​ខ្មែរ​រស់នៅ​ឡើយ។ 

ប្រភាព៖ សហគមន៍ខ្មែរកម្ពុជាក្រោម