ទីស្នាក់ការដំបូងរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម

5:09:00 AM
នេះ​ជា​ទីស្នាក់ការ​ដំបូង​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ស្ថិត​នៅ​ខាង​កើត​វត្ត​ឃ្លាំង ទីរួមខេត្ត​ឃ្លាំង ដែនដី​កម្ពុជាក្រោម ដែល​សព្វថ្ងៃ​ត្រូវ​បាន​រដ្ឋអំណាច​យៀកណាម​យក​ធ្វើ​ជា​សាលា​បំពេញ​វិជ្ជា​​បាលី​មធ្យមសិក្សា​ណាមបូ (Trường Bổ túc Văn hóa Pali Trung cấp Nam Bộ)


អាគារ​នេះ​ត្រូវ​បាន​សម្ពោធន៍​កាល​ពី​ឆ្នាំ​១៩៣៧ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហនុ ដែល​កាលនោះ ព្រះអង្គ ទ្រង់​គង់​ជា​ព្រះអង្គ​ម្ចាស់ និង កំពុង​បំពេញ​ព្រះរាជកិច្ច​សិក្សា​នៅ​សាលា​សះស្ល៊ូ ឡូ​បា (Lycée Chasseloup Laubat) នា​ទីក្រុង​ព្រៃនគរ

ដល់​ឆ្នាំ​១៩៤៩ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​ប្ដូរ​ទីតាំង​មក​មហា​វិធី​កម្ពុជាក្រោម ។
ដល់​ឆ្នាំ​១៩៧៥ ក្រោម​របប​កម្ពុជាក្រោម​ប្រជាធិបតី មិត្តសមាគម​ក៏​ដូច​ជា​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ត្រូវ​រំសាយ ។

ដល់​ឆ្នាំ​១៩៩២ មិត្តសមាគម​បាន​ចាប់ផ្ដើម​កសាង​ឡើង​វិញ ដោយ​បាន​ទទួល​លិខិត​អនុញ្ញាត​ពី​​​ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហនុ ដែល​កាលនោះ ព្រះអង្គ ទ្រង់​គង់​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​កម្ពុជា (SNC) ហើយ​មាន​ទីស្នាក់ការ​នៅ​មហាវិថី​កម្ពុជាក្រោម​ដូច​ដដែល ។

ពី​ឆ្នាំ២០០២ រហូត​មក​ដល់​ពេល​នេះ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​វត្ត​សាមគ្គី​រង្សី ភូមិទ្រា២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ដែល​បាន​លោក​ឧកញ៉ា ឡឹម ឯម បង្កើត​កាលពី​ឆ្នាំ​១៩៣៧ មាន​មោទនភាព​ជា​សមាគម​របស់​ខ្មែរ​កម្ពុជាក្រោម​បាន​បង្កើត​មុន​គេ​បង្អស់ ហើយ​មាន​អាយុកាល​យូរ​ជាង​គេ​បង្អស់ ។

មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​បង្កើត​ដើម្បី​បម្រើ​បងប្អូន​ខ្មែរ​កម្ពុជាក្រោម និង ជា​ស្ពានមេត្រី រវាង​បងប្អូន​ខ្មែរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង បងប្អូន​ខ្មែរ​មាន​ដើម​កំណើត​​កម្ពុជាក្រោម ។ សប្វថ្ងៃ​នេះ ស្នាក់​ដឹកនាំ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​គ្រប់​លំដាប់ថ្នាក់​បាន​ខិតខំ​បន្ត​វេន​របស់​លោក​ឧកញ៉ា ឡឹម ឯម បម្រើ​បងប្អូន​ខ្មែរ​កម្ពុជាក្រោម និង រិត​ចំណង​សាមគ្គីភាព មេត្រីភាព​រវាង​ខ្មែរ​កម្ពុជាក្រោម និង បងប្អូន​ខ្មែរ​នៅ​ទូទាំង​ពិភពលោក ជា​ពិសេស បងប្អូន​ខ្មែរ​កម្ពុជា​ជា​ជន​រួម​លោហិត​របស់​យើង ។


ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »