សកម្មភាពរបស់លោក ប៊ុន មុនី ក្នុងនាមជាប្រធានលេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម អាណត្តិទី៤

11:27:00 PM
លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម ជាស្ថាប័នមួយបានបង្កើតឡើងដើម្បីទទួលបន្ទុកចាត់ចែងការងាររួមរបស់ខ្មែរកម្ពុជាក្រោមនៅព្រះរាជាណាចក្រកម្ពុជា ។

លេខាធិការដ្ឋាននេះ បានបង្កើតកាលពីឆ្នាំ២០១១ ដោយមានការចូលរួមរបស់ ១១ អង្គការ សមាគម និង ស្ថាប័ន ដែលជាតំណាងរបស់បងប្អូនខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា រួមមាន ៖ (១) សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម (២) សម្ព័ន្ធសមណនិស្សិត - និស្សិតខ្មែរកម្ពុជាក្រោម (៣) មិត្តសមាគមខ្មែរកម្ពុជាក្រោម (៤) សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ (៥) សហគមន៍ខ្មែរកម្ពុជាក្រោម (៦) មូលនិធិសម្រាប់អ្នក ក្រីក្រ (៧) អង្គការខ្មែរកម្ពុជាក្រោមដើម្បីអភិវឌ្ឍន៍ (៨) មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម (៩) កម្មវិធីបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម (១០) សារព័ត៌មានព្រៃនគរ (១១) អង្គការស្ត្រីខ្មែរកម្ពុជាក្រោម ។

លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោមមានប្រធានមួយរូប មកពីអង្គការ សមាគម ឬ ស្ថាប័ន ជាសមាជិក តួនាទីនេះបានប្តូរវេនគ្នារៀងរាល់ឆ្នាំ ។ នៅឆ្នាំ២០១៥ កន្លងនេះ លោក ប៊ុន មុនី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម មានកិត្តិយសបានជ្រើសតាំងជាប្រធានលេខាធិការដ្ឋានអង្គការ ។



មិត្តសមាគមខ្មែរកម្ពុជាក្រោម សូមបង្ហាញនូវរូបភាពមួយចំនួនស្ដីអំពីសកម្មភាពរបស់លោក លោក ប៊ុន មុនី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ក្នុងនាមជាប្រធានលេខាធិការដ្ឋានអង្គការ អាណត្តិទី៤ ឆ្នាំ២០១៥ ។



















លេខ៖ ០០១/ ម.ស.ខ.ក.ក.ក./២០១៦

លេខាធិការដ្ឋាន
នៃ​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម
                                        
របាយការណ៍​សកម្មភាព
​លេខាធិការដ្ឋាន ឆ្នាំ​២០១៥

លេខាធិការដ្ឋាន​នៃ​អង្គការ សមាគម​​ខ្មែរ​កម្ពុជាក្រោម​ ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១១ ក្រោម​គំនិត​ផ្ដួចផ្ដើម​​ដោយ​តំណាង​មន្ត្រី​អង្គការ សមាគម​​ខ្មែរ​កម្ពុជាក្រោម​​នៅ​កម្ពុជា​ទាំង​១២ ជា​សមាជិក ដើម្បី​ជា​មធ្យោបាយ​​​សម្របសម្រួល​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ទាំង​អស់​នៅ​កម្ពុជា ប្រមូលផ្ដុំ​គ្នា​ បង្កើត​គោលនយោបាយ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ខ្មែរ​ក្រោម​រួម​គ្នា ។ ហើយ​លេខាធិការដ្ឋាន​ត្រូវ​ផ្លាស់ប្ដូរ​​វេន​គ្នា​ធ្វើ​ជា​ប្រធាន​ដឹកនាំ​រៀងរាល់​ឆ្នាំ ក៏​ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៥​កន្លង​មក​ ភារកិច្ច​​ជា​ប្រធាន​គឺ​រូប​ខ្ញុំ​ព្រះករុណា ខ្ញុំ​បាទ ប៊ុន មុនី​ ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ទទួល​បន្ទុក​ដឹកនាំ ។

ដូច្នេះ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក ខ្ញុំ​ព្រះករុណា ខ្ញុំ​បាទ រួម​ជា​មួយ​សមាជិក សមាជិកា​ នៃ​គណៈកម្មការ​​​លេខាធិការដ្ឋាន​ខ្មែរ​កម្ពុជាក្រោម​ឆ្នាំ២០១៥ ​បាន​បំពេញ​តួនាទី​បម្រើ​កិច្ចការ​ក្នុង​ក្របខណ្ឌ​​លេខាធិការដ្ឋាន​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង​ និង តម្រូវការ​ចាំបាច់ នៃ​ស្ថានភាព​ទូទៅ​រួមមាន ៖
១. ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ លេខាធិការដ្ឋាន​ បាន​ធ្វើការ​ដោះស្រាយ​អធិករណ៍ (វត្ត​សាមគ្គី​រង្សី) រវាង​មន្ត្រី​សង្ឃ​វត្ត និង ព្រះភិក្ខុ​ សុទ្ធ ឆៃយ៉ា ។
២. ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ លេខាធិការដ្ឋាន បាន​យក​កម្រង​ផ្កា​ និង ថវិកា​ទៅ​ចូលរួម​រំលែកទុក្ខ​បុណ្យ​​សព​ព្រះតេជព្រះគុណ​ ថាច់ ខាន់ (ព្រះ​ពហុស្សូត​ស្ដាំ​វត្ត​សាមគ្គី​រង្សី) ។
៣. ថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ២០១៥ លេខាធិការដ្ឋាន បាន​ធ្វើ​ពិធី​រៀបចំ​បង្សុកូល​ប្រគេន​វិញ្ញាណក្ខន្ធ​ព្រះតេជព្រះគុណអ៊ាង សុខធឿន វត្ត​ទំនុំ​ជ្រឹង ខេត្ត​កណ្ដាល ។
៤. ថ្ងៃទី០១ ខែ​មិនា ឆ្នាំ២០១៥ ខ្ញុំ​ព្រះករុណា ខ្ញុំ​បាទ ក្នុង​នាម​លេខាធិការដ្ឋាន ទៅ​ស្ថានីយវិទ្យុ​បារាំង​អន្តរជាតិ​ ផ្ដល់​បទ​សម្ភាសន៍​ស្ដី​អំពី​បញ្ហា​ខ្មែរ​កម្ពុជាក្រោម ។
៥. ថ្ងៃទី០៦ ខែ​មិនា ឆ្នាំ២០១៥ លេខាធិការដ្ឋាន បាន​រៀបចំ​​សិក្ខាសាលា​ថ្នាក់​ជាតិ និង ពិធី​បុណ្យ​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មិនា ។
៦.​    ថ្ងៃទី២២ ខែ​មិនា ឆ្នាំ២០១៥ លេខា​អធិការដ្ឋាន​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​វត្ត​សាមគ្គី​រង្សី ។
៧. ថ្ងៃទី២៨ ខែ​មិនា ឆ្នាំ២០១៥ លេខាធិការដ្ឋាន បាន​យក​កម្រងផ្កា​ និង ថវិកា​ចូល​រួម​រំលែកទុក្ខ​នៃ​ក្រុម​គ្រួសារ​សព​លោក ច័ន្ទ សុខា អតីត​អធិបតី​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ។
៨.  ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  ចូលរួម​ដោះស្រាយ​បញ្ហា​វត្ត​សាមគ្គី​រង្សី​​លើក​ទី៣ ។
៩. ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០១៥ លេខាធិការដ្ឋាន ​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្ដី​អំពី​បញ្ហា​អាជ្ញាធរ​វៀតណាម​​​បង្ខំ​ឲ្យ​វត្ត​អារាម​នៅ​កម្ពុជាក្រោម​ប្រើប្រាស់​ត្រា​តាម​បែប​ថ្មី​ដែល​មាន​សុទ្ធ​តែ​អក្សរ​យួន ។
១០. លេខាធិការដ្ឋាន​ក៏​បាន​ធ្វើ​លិខិត​មួយ​ជូន​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ស្នើ​ផ្ដល់​សិទ្ធិ​ប្រើប្រាស់​ត្រា​ដែឡ​មាន​អក្សរ​ខ្មែរ​ស្រាប់​វត្តអារាម​ខ្មែរ​នៅ​ដែនដី​កម្ពុជាក្រោម ។
១១. ក៏​ក្នុង​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០១៥ ដដែល លេខាធិការដ្ឋាន​បាន​ចូល​រួម​ប្រជុំ​ជាមួយ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​របស់​ឯកឧត្ដម​ ថាច់ សេដ្ឋា ដើម្បី​ពិភាក្សា​ពី​បញ្ហា​​​បុណ្យ​បាត់បង់​ទឹកដី ។
១២. ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  ជួប​មន្ត្រី​ធម្មការ និង សាសនា ស្ដី​អំពី​ពិធី​រំ​​ដោះ​​បញ្ហា​ក្នុង​វត្ត​សាមគ្គី​រង្សី ។
១៣.  ថ្ងៃទី២៤ ខែ​ឧសភា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  ប្រជុំ​ជា​មួយ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​​អំពី​ការ​រៀបចំ​ធ្វើ​បុណ្យ ។
១៤. ថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បើក​អង្គប្រជុំ​ស្ដី​អំពី​សន្ទរកថា​ចូល​រួម​បុណ្យ​​បាត់បង់​ទឹកដី ។
១៥. ថ្ងៃទី០៤ ខែ​មិថុនា ឆ្នាំ២០១៥ លេខា​អធិការដ្ឋាន​ចូលរួម​កាន់ទុក្ខ​បុណ្យ​បាត់បង់​ទឹកដី​កម្ពុជាក្រោម​ខួប​ទី​៦៦ ​ឆ្នាំ ។
១៦. ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បាន​ធ្វើ​ជា​អ្នក​រៀបចំ​ពិធី​បុណ្យ​ចងដៃ​ព្រះចៅ​អធិការ​ និង លោក​គ្រូ​ពហុស្សូត​ឆ្វេង ស្ដាំ​​វត្ត​សាមគ្គី​រង្សី ។
១៧. ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០១៥ លេខាធិការដ្ឋាន ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​ចែក​អំណោយ​របស់​សហព័ន្ធ​ក្នុង​វត្ត​សាមគ្គី​រង្សី ។
១៨. ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគេន​អាហារូបករណ៍​របស់​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ ។
១៩. ថ្ងៃទី០៣ ខែ​សីហា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បាន​ចូល​ទៅ​​ថ្វាយបង្គំ​​​ព្រះតេជព្រះគុណ យ៉ាន់ ថាត់ ព្រះចៅ​អធិការ​វត្ត​អង្គ​តាមិញ​ដើម្បី​សួរនាំ​អំពី​ករណី​ចាប់​ព្រះសង្ឃ​ពីរ​អង្គ​ គឺ ព្រះតេជព្រះគុណ ដាវ ទេព និង ជា វ៉ាន់ដា ។
២០. ថ្ងៃទី០៩ ខែ​សីហា ឆ្នាំ២០១៥ លេខា​អធិការដ្ឋាន​ បើក​អង្គ​ប្រជុំ​ពង្រឹង​​ការងារ​របស់​ខ្លួន ។
២១. ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បាន​បើ​អង្គប្រជុំ​ពិភាក្សា​លើ​បញ្ហា​ព្រះសង្ឃ​ពីរ​អង្គ​វត្ត​អង្គ​តាមិញ​ និង ពិធី​ធ្វើ​បុណ្យ​​ក្នុង​វត្ត​សាមគ្គី​រង្សី ។
២២. ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​វត្ត​សាមគ្គី​រង្សី​​ស្ដី​អំពី​ការ​ចាប់​ព្រះសង្ឃ​ពីរ​អង្គ​វត្ត​អង្គ​តាមិញ ។
២៣. ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​នូវ​ករណី​ចាប់​ព្រះ​សង្ឃ​ពីរ​អង្គ​ខាង​លើ ។
២៤. ថ្ងៃទី៣០ ខែ​សីហា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បាន​បើក​អង្គ​ប្រជុំ​ពិភាក្សា​ការងារ​ផ្ទៃក្នុងនៃ​​លេខាធិការដ្ឋាន ។
២៥. ថ្ងៃទី០៦ ខែ​កញ្ញា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បើក​អង្គប្រជុំ​ពិភាក្សា​​លើ​ការងារ​​ធ្វើបុណ្យ​សិទ្ធិ​ជនជាតិ​ដើម ។
២៦. ថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បាន​រៀបចំ​បុណ្យ​អបអរសាទរ​ការ​ចេញ​ស្ដី​ប្រកាស​ស្ដី​អំពី​សិទ្ធិ​ជនជាតិ​ដើម​ក្រោម​ការ​ឧបត្ថម្ភ​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ពិភពលោក ។
២៧. ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បាន​រៀបចំ​វេន​ទី៥ ប្រគេន​ចង្ហាន់​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ។
២៨. ថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បាន​ចូលរួម​ប្រជុំ​នៅ​ផ្ទះ​ឯកឧត្ដម​ យន្ត ថារ៉ូ ដើម្បី​រៀបចំ​បុណ្យ​ ១៦ វិច្ឆិកា ។
២៩. ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៥ លេខាធិការដ្ឋាន បាន​ចូលរួម​ជា​អធិបតី​នៃ​ពិធី​បុណ្យ​ខួប​លើ​ទី​៣៩ ឆ្នាំ ១៦ វិច្ឆិកា ២០១៥ ទិវា​តស៊ូ​យុទ្ធជន​ យុទ្ធការី​កម្ពុជាក្រោម ។
៣០. ថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥ លេខាធិការដ្ឋាន បាន​ចូលរួម​ប្រជុំ​ជា​មួយ​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​​ដើម្បី​សិទ្ធិ​មនុស្ស​ និង អភិវឌ្ឍន៍ ដើម្បី​ពិភាក្សា​លើ​បញ្ហា​បុណ្យ​សិទ្ធិ​មនុស្ស​អន្តរជាតិ ។
៣១. ថ្ងៃទី០៥ ខែ​ធ្នូ ឆ្នាំ២០១៥ លេខាធិការដ្ឋាន បាន​មូលមក​វត្ត​ចង្ក្រាន​តាព្រហ្ម​ស្ទឹងមានជ័យ ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ ១ ព្រះអង្គ គឺ ព្រះតេជព្រះគុណ​ គីម សីលា ត្រូវ​បាន​គេ​ចោទប្រកាន់​ដោយ​អយុត្តិធម៌ ។
៣២. ថ្ងៃទី០៦ ខែ​ធ្នូ ឆ្នាំ២០១៥ លេខាធិការដ្ឋាន បាន​ចូលរួម​ជា​​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​ទី​៦៧​ ឆ្នាំ នៃ​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ។  
៣៣. ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បាន​ធ្វើ​សន្និសីទ​ក្នុង​វត្ត​ចង្ក្រាន​តាព្រហ្ម​ស្ទឹងមានជ័យ និង សំដែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​ និង ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​មក​លើ​ព្រះតេជព្រះគុណ​ គីម សីលា ។
៣៤. ថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០១៥ លេខាធិការដ្ឋាន​បាន​ចេញ​​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​មន្ត្រី​សង្ឃ​វត្ត​ចង្ក្រាន​តាព្រហ្ម​ស្ទឹងមានជ័យ និង អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ជួយ​រក​យុត្តិធម៌​ប្រគេន​ព្រះតេជព្រះគុណ គីម សីលា ។
៣៥. ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ លេខាធិការដ្ឋាន  បាន​ចូលរួម​ពិធី​ជួបជុំ​និស្សិត បញ្ញវ័ន្ត និង សប្បុរសជន​ ដែល​រៀបចំ​ឡើង​ដោយ​សម្ព័ន្ធ​សមណ​និស្សិត និង និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ។
នៅ​មាន​សកម្មភាព​មួយ​ចំនួនឡូ​​ថែម​ទៀត​ដែល​ខ្ញុំ​ព្រះករុណា ខ្ញុំ​បាទ មិន​បាន​យក​មក​បង្ហាញ​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ​ទេ គ្រាន់តែ​លើក​យក​មក​ដោយ​សង្ខេប​​ដើម្បី​ជា​ទឡ្ហីករណ៍​ ខ្លះៗ នៃ​សកម្មភាព​របស់​លេខាធិការដ្ឋាន​សម្រាប់​ឆ្នាំ២០១៥ នេះ​ ។

ផ្ទុយ​​ទៅ​វិញ នៅ​មាន​សកម្មភាព និង ផែនការណ៍​សំខាន់ៗ ជា​ច្រើន​ថែមទៀត ដែល​យើង​ខ្ញុំ​​ព្រះករុណា ខ្ញុំ​បាទ ជា​គណៈកម្មាធិការ​លេខាធិការដ្ឋាន​ឆ្នាំ២០១៥ មិន​ទាន់​យក​មក​អនុវត្ត​ ទុក​ផែនការណ៍​ទាំង​អស់​នេះ​មក​ជូន​ប្រធាន​ និង គណៈកម្មាធិការ​ថ្មី​ (ឆ្នាំ២០១៦) យក​មក​រៀបចំ​ចាត់ចែង​តាម​ការគួរ​ចុះ ។

ភ្នំពេញ ថ្ងៃទី​០២ ខែ​មករា ឆ្នាំ២០១៦
ប្រធាន​លេខាធិការដ្ឋាន​ឆ្នាំ២០១៦
និង ជា​ប្រធាន​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម


ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

First