មិត្តសមាគមខ្មែរកម្ពុជាក្រោមចុះទៅពិនិត្យស្ថានភាពគ្រួសារខ្មែរកម្ពុជាក្រោមក្រោមត្រូវអាជ្ញាធរមូលដ្ឋានរើសអើងនៅខេត្តពោធិ៍សាត់

4:13:00 AM
ពី​ថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ​២០១៦ គណៈ​ប្រតិភូ​នៃ​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម ដឹក​នាំ​ដោយ​លោក​ ស៊ីម វិចិត្រ អគ្គលេខាធិការ បាន​ចុះ​ទៅ​សួរសុខទុក្ខ និង ពិនិត្យ​ស្ថានភាព​គ្រួសារ​ខ្មែរ​កម្ពុជាក្រោម​ក្រោម​មួយ​រូប ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​រើសអើង និង ចោទ​ប្រកាន់​ថា​ជនជាតិ​យួន​រស់​នៅ​ខុស​ច្បាប់ ។

គ្រួសារ​ខ្មែរ​កម្ពុជាក្រោម​ត្រូវ​បាន​រើសអើង​នេះ មាន​ឈ្មោះ ជោត សាវ៉េត (ឈ្មោះ​ធ្លាប់​ហៅ ថាច់ ធី​សាវ៉េត) កើត​ឆ្នាំ​១៩៥៥ នៅ​ចំណុះ​វត្ត​ដើម​អំពិល ស្រុក​ជ្រោយញរ ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជាក្រោម ហើយ​បាន​តាំង​ទី​លំនៅ​នៅ​ភូមិ​ក្បាល​ទាហាន ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​តាំង​ពី​ឆ្នាំ​ ១៩៨៨ ​មក​ម្ល៉េះ ។

ថ្មីៗ​នេះ គ្រួសារ​អ្នក​ស្រី ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​ប្រធាន​ភូមិ​ក្បាល​ទាហាន និង មេ​ប៉ុស្តិ៍​រង ប៉ុស្តិ៍​នគរបាល​ឃុំ​ឈើតុំ រើសអើង និង ធ្វើ​ទុក្ខបុកម្នេញ ។ តាម​ព័ត៌មាន​ដែល​អ្នក​ស្រី​បាន​រៀបរាប់​ជូន​គណៈប្រតិភូ អ្នក​ច្រើន​លើក​ច្រើន​សារ​ហើយ អ្នក​ស្រី​ត្រូវ​នគរបាល​ឃុំ​កោះ​ហៅ​ទៅ​សាកសួរ​ដោយ​មាន​ពាក្យ​ប្ដី​គ្មាន​មូលដ្ឋាន ហើយ​ក៏​ត្រូវ​នគរបាល​ឃុំ​គំរាមកំហែង ជម្រិត​ទារ​ប្រាក់​ពី​បី​លាន​រៀល ដល់ ប្រាំ​លាន​រៀល​ម្ដងៗ ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា ប្រធាន​ភូមិ​តែង​តែ​ហាម​ឃាត់​មិន​ឲ្យ​ប្រជាជន​នៅ​ទី​នោះ​ជួល​រោងការ និង ឧបករណ៍​តន្ត្រី​របស់​គ្រួសារ​អ្នក​ស្រី ។

កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦ កន្លង​មក​នេះ តប​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ប្រធាន​ភូមិ​ក្បាល​ទាហាន អំពី​ករណី​អ្នក​ស្រី​ជោត សាវ៉េត ជា​ជនជាតិ​យួន​រស់​នៅ​ខុស​ច្បាប់ គណៈកម្មការ​ចម្រុះ​របស់​ស្រុក​ក្រគរ និង ខេត្ត​ពោធិ៍សាត់ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​រដ្ឋបាល​គ្រួសារ​អ្នក​ស្រី ។ ក្រោយ​ពេល​បាន​ពិនិត្យ​ឃើញ​ថា អ្នក​ស្រី​ជោត សាវ៉េត មាន​សមាជិក​របស់​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម ជា​ភស្តុតាង​បញ្ជាក់​អ្នក​ស្រី​ពិត​ជា​ជនជាតិ​ខ្មែរ ហើយ​មាន​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គណៈកម្មការ​ចម្រុះ​ក៏​បាន​សូមទោស​អ្នក​ស្រី ហើយ​ពន្យល់​ករណី​នេះ​ជូន​អាជ្ញាធរ​មូលដ្ឋាន ទោះបី​យ៉ាង​នេះ​ក្ដី មេ​ប៉ុស្តិ៍​រង ប៉ុស្តិ៍​នគរបាល​ឃុំ​ឈើតុំ នៅ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​អ្នក​ស្រី​ក្នុង​តម្លៃ​សរុប​ប្រហែល​ប្រាំ​លាន​រៀល ។

តាម​ការ​ពិនិត្យ​ជាក់ស្ដែង​របស់​គណៈប្រតិភូ​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម គ្រួសារ​អ្នក​ស្រី ជោត សាវ៉េត រស់​នៅ​ក្នុង​តំបន់​ព្រៃ​ជ្រៅ ដាច់ស្រយាល តែ​មាន​ភាព​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​អ្នក​ស្រុក​អ្នក​ភូមិ ពោល​គឺ​ប្រជាពលរដ្ឋ​ជា​រាស្ត្រ​សាមញ្ញ​គោរព រាប់អាន​​គ្រួសារ​អ្នក​ស្រី ហើយ​មិន​ដែល​មាន​ការ​រើសអើង​ថា​យួន​អ្វី​ឡើយ ។

ដោយ​មាន​ការ​ណែនាំ​ពី​លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម គណៈប្រតិភូ​បាន​ចងក្រង​សំណុំ​រឿង​នៃ​ករណី​នេះ ហើយ​បាន​ទាក់ទង​នឹង​មន្ត្រី​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ពោធិ៍សាត់​ដើម្បី​សហការ​ដោះស្រាយ​វិវាទ​ជូន​គ្រួសារ​លោក​ស្រី ។

ព័ត៌មាន​ដែល​ស្នងការ​ព័ត៌មាន​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ទទួល​បាន រហូត​ល្ងាច​ថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ​២០១៦ គ្រួសារ​អ្នក​ស្រី​ជោត សាវ៉េត មិន​ទាន់​ទទួល​ការ​គំរាមកំហែង ឬ រំខាន​ណា​ពី​អាជ្ញាធរ​មូលដ្ឋាន​ដូច​មុនៗ ទៀត​ឡើយ ។



ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »