នៅពីរថ្ងៃ
២២ និង ២៣ ខែតុលា ឆ្នាំ២០១៦ គណៈកម្មការទូកងខ្មែរកម្ពុជាក្រោមមានជ័យ
ដឹកនាំដោយលោកតាំង សារៈ ប្រធានគណៈកម្មការបានចុះទៅជ្រើសរើស និង
រៀបចំការហ្វឹកហាត់កីឡាករសម្រាប់ការចូលរួមប្រណាំងទូកងក្នុងព្រះរាជពិធីអុំទូក
បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ
នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបុរីជលសា ខេត្តតាកែវ ។
គណៈកម្មការបានជ្រើសរើស
និង ចងក្រងបានក្រុមកីឡាករចំនួន ២៥ រួប មានអាយុពី៣៦ ដល់ ២២ ឆ្នាំ
ក្រោមការហ្វឹកហាត់របស់លោកគ្រូ វី ចាន់ និង លោកគ្រូ ទ្រឹង យៀង ។
សមាជិកក្រុមកីឡាករនេះ ជាអ្នកភូមិសង្គមមានជ័យ
ហើយសុទ្ធសឹងតែជាខ្មែរដែលមានដើមកំណើតនៅកម្ពុជាក្រោម ។
បងប្អូនខ្មែរកម្ពុជាក្រោមរស់នៅភូមិសង្គមមានជ័យភាគច្រើនធ្វើស្រែ
តែដោយសារតំបន់នេះស្ថិតក្នុងតំបន់អភិរក្សបឹងព្រៃល្ពៅ
ត្រូវលិចទឹកក្នុងរដូវវស្សា
អាចធ្វើស្រែបានត្រឹមតែមួយរដូវប្រាំងតែប៉ុណ្ណោះ ។
ទោះបីកីឡាករមានជីវភាពក្រលំបាកក៏ដោយ
លោកគ្រូ ទ្រឹង យៀង បានឲ្យដឹងថា ក្រុមកីឡាករនឹងខិតខំប្រឹងប្រែងដើម្បីដណ្ដើមបានជ័យលាភីក្នុងការប្រណាំងទូកងខាងមុខនេះ
។
ទូកងខ្មែរកម្ពុជាក្រោមមានជ័យ
ជាទូកងតែមួយគត់របស់ខ្មែរកម្ពុជាក្រោមនៅព្រះរាជាណាចក្រកម្ពុជា
ហើយនេះជាលើកទី១១
ដែលទូកងខ្មែរកម្ពុជាក្រោមបានចូលរួមប្រណាំងដើម្បីអបអរសាទរព្រះរាជពិធីអុំទូក
បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ។