នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មាធិការនាយកមិត្តសមាគមខ្មែរកម្ពុជាក្រោមរបានបើកកិច្ចប្រជុំពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពខាងមុខរបស់សមាគម ដោយមានការចូលរួមរបស់សមាជិកគណៈកម្មាធិការនាយក ក្រោយអធិបតីភាពរបស់លោក ប៊ុន មុនី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ។

ក្រោយពីថ្លែងកិច្ចស្វាគមន៍ចំពោះវត្តមានអង្គប្រជុំ និង ប្រកាសរបៀបវារៈនៃអង្គប្រជុំ លោកប្រធាន ប៊ុន មុនី បានថ្លែងអំពីស្ថានភាពសកម្មភាពរបស់មិត្តសមាគម ។ លោកមានប្រសាសន៍ថាក្នុងរយៈពេលកន្លងមកនេះ សកម្មភាពរបស់មិត្តសមាគមហាក់បីដូចជាមានការបង្អាក់បន្តិចដោយសារតែរូបលោកមានបញ្ហាសុខភាព និង បងប្អូនសមាជិកនៃគណៈកម្មាធិការនាយកមួយចំនួនមានធុរៈផ្ទាល់ខ្លួនជាច្រើន ម៉្យាងទៀតរយៈពេលកន្លងនេះ សង្គមខ្មែរក្រោមទាំងមូលក៏ពុំសូវមានអ្វីដែលជាបញ្ហាចោទឡើយ ។
បន្ទាប់មក អង្គប្រជុំបានពិភាក្សាលំអិតលើរបៀបវារៈដែលជាសកម្មភាពខាងមុខរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម រួមមាន ៖ ការបង្សុកូលឧទ្ទិសកុសលជូនបុព្វបុរស អ្នកមានគុណនឹងជាតិមាតុភូមិ ការកាន់បិណ្ឌក្នុងរដូវកាន់បិណ្ឌខាងមុខ សកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍ ៨០ឆ្នាំ ថ្ងៃចាប់បដិសន្ធិ (បង្កើត) នៃមិត្តសមាគមខ្មែរកម្ពុជាក្រោម និង ការរៀបចំដើម្បីចូលរួមប្រណាំងទូកង ក្នុងព្រះរាជពិធីអុំទូក ឡូយប្រទីប អកអំបុក និង សំពះព្រះខែនាពេលខាងមុខនេះ ។
អង្គប្រជុំបានឯកភាពទាំងស្រុងថា សមាគមនឹងរៀបចំពិធីដារបង្សុកូលឧទ្ទិសកុសលប្រគេនវីរសមណៈ វីរបុរសមានគុណនឹងសមាគម មានគុណនឹងជាតិ មាតុភូមិខ្មែរ នៅក្នុងទីស្នាក់ការកណ្ដាលរបស់សមាគម ក៏ដូចជារៀបចំប្រគេនចង្ហាន់ កាន់បិណ្ឌនៅវត្តសាមគ្គីរង្សី ១ វេន និង នៅវត្តភ្នំពេញថ្មី (ស្រុកចម្ការលើ ខេត្តកំពង់ចាម) ១ វេន ។
អង្គប្រជុំក៏បានឯកភាពថានឹងរៀបចំពិធីជួបជុំមួយដើម្បីជាបុណ្យខួបអនុស្សាវរីយ៍ថ្ងៃកំណើតសមាគម និង ជាឱកាសផ្សព្វផ្សាយអំពីគោលការណ៍ ប្រវត្តិ និង សកម្មភាពរបស់មិត្តសមាគម ។
រីឯបញ្ហាទូកង គណៈកម្មាធិការនាយកបានយល់ឃើញថា សកម្មភាពចូលរួមប្រណាំងទូកង ជាសកម្មភាពដ៏សំខាន់មួយរបស់មិត្តសមាគម និង ជាភារកិច្ចដែលបងប្អូនខ្មែរកម្ពុជាក្រោមបានប្រគល់ជូនមិត្តសមាគមខ្មែរកម្ពុជាក្រោម ដូច្នោះទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» របស់មិត្តសមាគមខ្មែរកម្ពុជាក្រោមត្រូវចូលរួមប្រណាំងជាការចាំបាច់ ។ ប៉ុន្តែ ដោយសារតែទូកងសព្វថ្ងៃរបស់សមាគមមានភាព ទ្រុឌទ្រោមយ៉ាងខ្លាំង ហើយមិនអាចចូលរួមប្រណាំងបានឡើយ នេះជាបញ្ហាចោទ តម្រូវឲ្យសមាគមត្រូវលៃលករកជាវទូកងថ្មី ។
ដើម្បីជាវបានទូកថ្មី ថវិកាមួយចំនួនគឺត្រូវតែមានពុំអាចខានបានឡើយ ហើយសមាជិកគណៈកម្មាធិការនាយកមិត្តសមាគមខ្មែរកម្ពុជាក្រោមគ្រប់រូបត្រូវដុតដៃដុតជើង និង សកម្មឲ្យមែនទែនដើម្បីអាចបំពេញបានភារកិច្ចដែលបងប្អូនខ្មែរកម្ពុជាក្រោមស្រឡាញ់ប្រគល់ជូន ។
យោងទៅតាមស្មារតីនៃអង្គប្រជុំនេះ គណៈកម្មាធិការនាយកនឹងកោះប្រជុំម្ដងទៀតនៅសប្ដាហ៍ក្រោយដើម្បីពិភាក្សាលំអិតអំពីកាលបរិច្ឆេទ និង វិធីសាស្ត្រអនុវត្តផែនការណ៍ទាំងបីដែលជារបៀបវារៈនៃអង្គប្រជុំនេះ ។


ចែករំលែកអត្ថបទ