មិត្តសមាគមខ្មែរកម្ពុជាក្រោមសម្រេចធ្វើទូកងថ្មី

1:40:00 AM

អង្គ​ប្រជុំ​របស់​គណៈកម្មាធិការនាយក​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​កាល​ពី​ថ្ងៃអាទិត្យ ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៧ បាន​ពិភាក្សា​អំពី​ស្ថានភាព​ទូកង​របស់​មិត្តសមាគម ហើយ​យល់​ឃើញ​ថា ទូក​ង​ចាស់​ដែល​មិត្តសមាគម​កំពុង​មាន​ហើយ​ធ្លាប់​បាន​ចូល​រួម​ប្រណាំង​ក្នុង​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក និង សំពះ​ព្រះខែ​ក្នុង​ឆ្នាំ២០១៦ និង ១៦ ឆ្នាំ​កន្លង​នេះ គឺ​ចាស់​ និង មាន​ការ​ខូចខាត​ច្រើន​ណាស់ មិន​អាច​ប្រើប្រាស់​បាន​ទៀត​ទេ ។

សមាជិក​គណៈកម្មាធិការនាយក​ទាំងអស់​បាន​លើកឡើង​ថា កាល​ឆ្នាំ២០១៦ កន្លង​នេះ ទូកង​ដែល​មាន​ឈ្មោះ​ថា «ខ្មែរ​កម្ពុជាក្រោម​មានជ័យ» ដែល​ជា​ទូក​ង​តែ​មួយ​គត់​របស់​ខ្មែរ​កម្ពុជាក្រោម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង នៅ​ទូទាំង​ពិភពលោក​ក្រៅ​ដែនដី​កម្ពុជាក្រោម អាច​ចូល​រួម​ប្រណាំង​ដោយ​បាន​ពានរង្វាន់​លេខ២ ​គឺ​ដោយសារ​តែ​កត្តា​មនុស្ស ពោល​គឺ​គណៈកម្មការ​ទូ និង កីឡាករ​បាន​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព រីឯ​កត្តា​ទូក​វិញ គឺ​ការ​ដាក់​ចុះ​ទឹក​បាន​ក៏​ជា​បញ្ហា​ធំ​ដែរ កុំ​ថា​ឡើង​ចូលរួម​ប្រណាំង​ ។

ក្រោយ​ពី​បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់ អង្គប្រជុំ​បាន​ឯកភាព ១០០% សម្រេច​ថា គណៈកម្មាធិការនាយក​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​នឹង​ធ្វើ​ទូក​ង​ថ្មី​តាម​បែប​ខ្មែរ​កម្ពុជាក្រោម​ដើម្បី​បន្ត​ចូលរួម​ក្នុង​ការ​ប្រណាំង​ទូកង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​ខាង​មុខ​ទៀត ។

គណៈកម្មាធិការនាយក​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ក៏​ឯកភាព​នឹង​បើក​អង្គប្រជុំ​មួយ​ទៀត​នៅ​ថ្ងៃអាទិត្យ ទី០៥ ខែ​មីនា ឆ្នាំ២០១៧ ខាង​មុខ​ដើម្បី​ពិភាក្សា​លំអិត​អំពី​គម្រោង​ថវិកា និង មធ្យោបាយ​ទាំងឡាយ​ដែល​ធ្វើ​បាន​ទូក​ង​ខ្មែរ​កម្ពុជាក្រោម​ថ្មី ។


ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »