កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦
គណៈកម្មាធិការនាយកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោមដែលដឹកនាំដោយ ដោយលោក ប៊ុន
មុនី
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងមហាសន្និបាតវិសាមញ្ញរបស់វិទ្យាស្ថានពុទ្ធសាសនាអប់រំ
និង អភិវឌ្ឍន៍ នៅវត្តវង្សគកបូរីសេរីភ្នំពេញ (វត្តភ្នំពេញថ្មី) ភូមដូនបុស ឃុំចំការអណ្តូង
ស្រុកចំការលើ ខេត្តកំពង់ចាម ។
ថ្លែងក្នុងអង្គមហាសន្និបាត លោកប្រធាន
ប៊ុន មុនី បានគោកសរសើរស្នាព្រះហស្តរបស់ព្រះតេជព្រះគុណ ប៉ាង សុដារ
ព្រះប្រធាន វិទ្យាស្ថានពុទ្ធសាសនាអប់រំ និង អភិវឌ្ឍន៍
ដែលបានកសាងនូវសមត្តផល ជាច្រើនអនេក
ក្នុងនោះក៏មានស្នាព្រះហស្តក្នុងការសព្វផ្សាយព្រះពុទ្ធសាសនា និង
រក្សាបូរណភាពទឹកដី ។
ក្នុងឱកាសនេះផងដែល លោកប្រធាន ប៊ុន មុនី
ក៏បានរំឭកនូវគុណូបការៈរបស់ព្រះចំពោះមិត្តសមាគមខ្មែរកម្ពុជាក្រោម ។
វិទ្យាស្ថានពុទ្ធសាសនា អប់រំ និង អភិវឌ្ឍន៍ ជាអង្គការក្រៅរដ្ឋាភិបាលមួយ
បានចាប់បដិសន្ធិឡើងនូវឆ្នាំ២០០១ ដែលមានសកម្មភាពទៅលើវិស័យព្រះពុទ្ធសាសនា
ការងារមនុស្សធម៌ អប់រំ និង បណ្ដុះបណ្ដាល ។
ថ្លែងក្នុងមហាសន្និបាត ព្រះមហាថេរ
គិរីធម្មោ ប៉ាង សុដារ ព្រះប្រធាននៃវិទ្យាស្ថានពុទ្ធសាសនាអប់រំ និង អភិវឌ្ឍន៍
បានមានសង្ឃដីកាថា ចាប់ពីបង្កើតឡើងនូវវិទ្យាស្ថានមកទល់នឹងបច្ចុប្បន្ននេះ
វិទ្យាស្ថានបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ដល់វិស័យព្រះពុទ្ធសាសនា
ជាពិសេសកសាងនូវប្រាសាទ និង កន្លែងសម្រាប់បូជាក្នុងព្រះពុទ្ធសាសនា មណ្ឌលវិបស្សនា
ទូទាំងព្រះរាជាណាចក្រកម្ពុជា បោះពុម្ព និង នាំនូវព្រះត្រៃបិដកទៅប្រគេនជួនពុទ្ធសាសនិកជននៅប្រទេស
ថៃឡង់ដ៍ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ។ល។ និង ដែនដីកម្ពុជាក្រោមផងដែរ ។
ព្រះអង្គបានបន្តនូវសង្ឃដីកាថា៖ ចាប់ពីឆ្នាំ២០០៥
មកដល់ពេលនេះ វិទ្យាស្ថានបានចូលរួមជាច្រើនសកម្មភាព ជាមួយនឹងរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី
ជាពិសេសគឺការកសាងវត្តអារាម ព្រះពុទ្ធបដិមា តាមបណ្ដាលព្រំដែនដែលមានជម្លោះដូចជា៖
កម្ពុជា ថៃ និង កម្ពុជា យៀកណាម ។
វិទ្យាស្ថានគឺជាអង្គការដំបូងគេដែលមានសមត្ថភាព ក្នុងការនាំយកនូវស្បៀងអាហារជួនដល់កងទ័ពការពារនូវតំបន់ប្រាសាទព្រះវិហារ
។
ព្រះមហាថេរ គិរីធម្មោ ប៉ាង សុដារ ប្រសូត្រ
និង បួសរៀននៅវត្តចំប៉ា ឃុំចំប៉ា ស្រុកខ្សាច់ ខេត្តឃ្លាំង
ដែនដីកម្ពុជាក្រោម ។ ព្រះអង្គ គឺជាព្រះមហាថេរមួយអង្គ ក្នុងចំណោមព្រះមហាថេរខ្មែរកម្ពុជាក្រោម
។ ព្រះអង្គមានគុណបំណាច់យ៉ាងធំធេងបំផុត ចំពោះសង្គមខ្មែរក្រោមនៅកម្ពុជានិយាយដោយឡែក
និង នៅកម្ពុជាក្រោមនិយាយរួម ។
ព្រះមហាថេរ គិរីធម្មោ ប៉ាង សុដារ បច្ចុប្បន្ន
ជាព្រះចៅអធិការវត្តភ្នំពេញថ្មី និង ជាទីប្រឹក្សាផ្ទាល់របស់ សម្ដេចព្រះមហាសុមេធាធិបតី
នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ។
ដោយស្នាព្រះហស្តដ៏ធំធេងរបស់ព្រះអង្គចំពោះប្រទេសជាតិ
ព្រះមហាថេរ គិរីធម្មោ ប៉ាង សុដារ បានព្រះមហាក្សត្រ និង
រាជរដ្ឋាភិបាលកម្ពុជាប្រគេននូវគ្រឿងឥស្សរិយយសជាច្រើន ក្នុងនោះមានគ្រឿងឥស្សរិយយស «ជាតូបករណ៍» ដែលជាគ្រឿងឥស្សរិយយសបានប្រគេន
ថ្វាយ ឬ ជួនចំពោះបុគ្គលដែលបានជួយទំនុកបម្រុងដល់ជាតិ ៕