មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​​ប្រជុំ​បូកសរុប​ និង វាយ​តម្លៃ​លទ្ធផល​នៃ​ការអនុវត្ត​ផែនការណ៍​សម្រាប់​ឆមាស​ទី​មួយ

5:04:00 AM
ថ្ងៃអាទិត្យ​ទី២៦ ខែ​មិថុនា ឆ្នាំ២០១៦ គណៈកម្មាធិការ​នាយក​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​បើក​អង្គប្រជុំ​បូកសរុប​ និង វាយ​តម្លៃ​លទ្ធផល​នៃ​ការអនុវត្ត​ផែនការណ៍​សម្រាប់​ឆមាស​ទី​មួយ (ប្រាំមួយ​ខែ​ដើម​ឆ្នាំ) និង រិះរក​យុទ្ធសាស្ត្រ​អនុវត្ត​ផែនការណ៍​សម្រាប់​ឆមាស​ទីពីរ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន ក្រោម​អធិបតីភាព​របស់​លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ។


ចូល​រួម​អង្គប្រជុំ​មាន​វត្តមាន​របស់ ១១ ក្នុង​ចំណោម ១៦ អង្គ និង រូប​ដែល​ជា​សមាជិក សមាជិកា​គណៈកម្មាធិការ​នាយក​នៃ​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម ។

តាម​របាយការណ៍​របស់​លោក ស៊ីម វិចិត្រ អគ្គលេខាធិការ ចាប់​តាំង​ពី​ថ្ងៃទី០៣ ខែ​មករា ឆ្នាំ២០១៦ រហូត​មក​ដល់​ថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០១៦ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​ចេញ​ប័ណ្ណ​សមាជិក​ឲ្យ ១១៤ នាក់ និង ចេញ​លិខិត​បញ្ជាក់​ជា​ខ្មែរ​មាន​ដើម​កំណើត​នៅ​កម្ពុជាក្រោម​ជូន​០៦ ករណី ក្នុង​នោះ​មាន​ ០១ ករណី​ជា​សមាជិក​ចាស់​របស់​មិត្តសមាគម ។ លោក​ស៊ីម វិចិត្រ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា សមាជិក សមាជិកា​របស់​មិត្ត​សមាគម ពេល​បង្ហាញ​ប័ណ្ណសមាជិក និង លិខិត​បញ្ជាក់​ពី​មិត្តសមាគម​ត្រូវ​បាន​អាជ្ញាធរ​ដែនដី​ទទួលស្គាល់​ថា​ជា​ជនជាតិ​ខ្មែរ​របស់​នៅ​ស្របច្បាប់​នៅ​មូលដ្ឋាន និង ជួល​សម្រួល​ដល់​ការ​រស់​នៅ​របស់​ពួក​គាត់​ជា​ច្រើន ។

របាយការណ៍​ដដែល​​ក៏​បាន​បង្ហាញ​អំពី​សកម្មភាព​សង្គមកិច្ច មនុស្សធម៌ និង សកម្មភាព​តភ្ជាប់​រវាង​គណៈកម្មាធិការនាយក និង សមាជិក សមាជិកា​របស់​សមាគម​ផង​ដែល ឧទាហរណ៍​ដូច​ជា​មិត្តសមាគម​បាន​ចូល​ួម​សួរសុខទុក្ខ​សមាជិក​ដែល​ត្រូវ​ជំងឺតម្កាត់ ចូលរួម​រំលែកទុក្ខ​គ្រួសារ​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ដែល​មាន​គ្រោះអាសន្ន និង​ទៅ​ធ្វើ​អន្តរាគមន៍ និង ផ្ដល់​យោបល់​ដល់​សមាជិក​ដែល​មាន​វិបត្តិ​ផ្លូវ​ច្បាប់​ជាដើម ។

បន្តបន្ទាប់ ប្រធាន​ស្នងការ​នីមួយៗ​បាន​រាយការណ៍​អំពី​សកម្មភាព​របស់​ខ្លួន​ក្នុង​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១៦​នេះ ។ ស្នងការ​ទាំងអស់​បាន​ជម្រាប​អង្គប្រជុំ​នូវ​លទ្ធផល​ដែល​ប្រមូល​បាន និង លើកឡើង​នូវ​កង្វះខាត​ដែល​ស្នងការ​ខ្លួន​ទទួល​បន្ទុក​មិន​ទាន់​សម្រេច​បាន ។ និយាយ​រួម​ស្នងការ​ទាំង​អស់​នៅ​មិន​ទាន់​ពេញចិត្ត​នូវ​លទ្ធផល​ដែល​ប្រមូល​បាន​នោះ​ទេ ហើយ​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​បម្រើ​ផលប្រយោជន៍​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នោះ​ទៀត ដូច​គោលបំណង​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ។

អំពី​ថវិកា​សម្រាប់​សកម្មភាព​របស់​មិត្តសមាគម របាយការណ៍​របស់​លោក គឹម វិសាល អគ្គហេរញ្ញិក បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​រាល់​ខ្ទង់​ចំណូល និង ចំណាយ​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ក្នុង​ប្រាំមួយ​ខែ​កន្លង​នេះ ។ យោង​តាម​របាយការណ៍​របស់​លោក​អគ្គហេរញ្ញិក ចំណូល​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ភាគច្រើន​បាន​មក​ពី​ការ​វិភាគទាន​របស់​បងប្អូន​សមាជិក សមាជិកា និង ការ​បរិច្ចាគ​របស់​សមាជិក សមាជិកា​នៃ​គណៈកម្មាធិការ​នាយក​ផ្ទាល់ ។

អង្គប្រជុំ​ក៏​បាន​អនុម័តិ​សំណើ​របស់​លោក​ប្រធាន​ប៊ុន មុនី អំពី​ការ​ព្យួរ​ការអនុវត្ត​នូវ​ប្រការទី៤៨ និង ប្រការទី៤៩ នៃ​លក្ខន្តិកៈ​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម និង សំណើ​បញ្ចូល​លោក ចៅ គឹមយិន ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្វាយទង ខេត្ត​មាត់ជ្រូក ចូល​ក្នុង​គណៈកម្មាធិការនាយក​ក្នុង​តួនាទី​ជា​អគ្គ​លេខាធិការរង​ទទួលបន្ទុក​ការងារ​រដ្ឋាបាល​ដោយ​សំឡេង​គាំទ្រ ១០០%

នៅ​ថ្ងៃអាទិត្យ ទី០៣ ខែ​កក្កដា​ខាង​មុខ​នេះ គណៈកម្មាធិការនាយក​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​នឹង​បន្ត​អង្គប្រជុំ​នេះ​​ដើម្បី​ពិភាក្សា​រិះរក​យុទ្ធសាស្ត្រ​អនុវត្ត​ផែនការណ៍​សម្រាប់​ឆមាស​ទីពីរ​ឆ្នាំ​២០១៦ ៕ 
ពី​ឆ្វេង​មកស្ដាំ ៖ លោក សួន វ៉ាន់គា - លោក​ លី សុខា - លោក ចៅ​ គឹមយិន - លោក ស៊ីម វិចិត្រ

ពី​ឆ្វេង​មកស្ដាំ ៖ លោក ប៊ុន មុនី  - លោក​ សម្បត្តិ ស៊ីណា  - លោក គឹម វិសាល - លោក ង៉ើយ សុរិន្ទ


ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »