ថែម ៤៥ នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវទៀតទទួលបានប័ណ្ណសមាជិកមិត្តសមាគមខ្មែរកម្ពុជាក្រោម

10:18:00 PM
បន្ត​អនុវត្តិ​ផែនការណ៍​សកម្មភាព​ប្រចាំ​ឆមាស​ទី២ ឆ្នាំ២០១៦ នៅ​ថ្ងៃអាទិត្យទី១៨ ខែ​កញ្ញា ឆ្នាំ២០១៦ គណៈកម្មាធិការនាយក​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ដឹក​នាំ​ដោយ​លោក​ប្រធាន ប៊ុន មុនី និង សហការី​បាន​ចុះ​ទៅ​ធ្វើ​ប័ណ្ណ​សមាជិក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។


ការ​ចុះ​ធ្វើ​ប័ណ្ណ​សមាជិក​នេះ​ជា​លើក​ទី​០២ បន្ត​នឹង​លើក​ទី​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០១៦ កន្លង​នេះ ។ ក្នុង​ឱកាស​នេះ មាន​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ចំនួន៤៥ នាក់ ក្នុង​នោះ​មាន ប្រុស ១៧ នាក់ និង ស្រី២៨ ត្រូវ​បាន​សម្រេច​ទទួល​ឲ្យ​ចូល​ជា​សមាជិក​ថ្មី និង បាន​លោក​ប្រធាន​ប៊ុន មុនី សម្រេច​ផ្ដល់​ប័ណ្ណ​សមាជិក​ជូន ។

គួរ​រំឭក​ផង​ដែរ​ថា តាំង​ពី​បាន​ការ​ទទួលស្គាល់​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាំ​ឆ្នាំ១៩៩៣ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​តែង​តែ​ផ្ដល់​ប័ណ្ណ​សមាជិក​ជូន​សមាជិក​របស់​ខ្លួន​សម្រាប់​ប្រើប្រាស់​ដើម្បី​ជា​លិខិត​បទដ្ឋាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​បងប្អូន​ពិត​ជា​ខ្មែរ​កម្ពុជាក្រោម ។


តាម​លក្ខន្តិកៈ​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម បងប្អូន​ជនរួមជាតិ​ខ្មែរ​ណា​មាន​ដើម​កំណើត​នៅ​កម្ពុជាក្រោម ឬ មាន​ឪពុកម្ដាយ ឬ ឪពុក ឬ ម្ដាយ​ជា​ខ្មែរ​មាន​ដើម​កំណើត​កម្ពុជាក្រោម មាន​អាយុ​ពី​គ្រប់ ១៨ (ដប់​ប្រាំបី) ឡើង​ទៅ មិន​ប្រកាន់​ភេទ វណ្ណៈ​ស្រទាប់ ស្ម័គ្រ​ចិត្ត​សូម​ចូល​ជា​សមាជិក​សមាគម ត្រូវ​បាន​សមាគម​ពិនិត្យ​ឲ្យ​ចូល​ជា​សមាជិក និង ផ្ដល់​ប័ណ្ណ​សមាជិក​ជូន ។

ក្នុង​ករណី​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ណា​ចង់​ចូល​ជា​សមាជិក​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម សូម​អញ្ជើញ​មក​ទីស្នាក់ការ​របស់​មិត្តសមាគម វត្ត​សាមគ្គី​រង្សី ភូមិទ្រា២ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដោយ​យក​មក​តាម​នូវ​លិខិត​ណា​មួយ​បញ្ជាក់​ថា​បងប្អូន​ពិត​ជា​ខ្មែរ​កម្ពុជាក្រោម​ដូចជា ៖ ប័ណ្ណសមាជិក​របស់​មិត្តសមាគម​ដែល​អស់​សុពលភាព សំបុត្រ​កំណើត (Giấy khai sanh) អត្តសញ្ញាណប័ណ្ណ (Giấy Chứng minh nhân dân Thẻ Căn cước) សៀវភៅ​គ្រួសារ (Sổ hộ khẩu) ឬ ឆាយា ជា​ដើម និង រូបថត ៣x៤ ចំនួន​ពីរ​សន្លឹក ។


គួរ​រំឭក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៦​កន្លង​ទៅនេះ មិត្ត​សមា​គម​ខ្មែរ​កម្ពុជា​ក្រោម បានផ្ដល់​ប័ណ្ណសមាជិកថ្មីជូន​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៤១ នាក់ ក្នុងនោះមាន ប្រុសចំនួន ២៣ នាក់ និង ស្រីចំនួន ១៨ នាក់ 

សូម​បញ្ជាក់​ថា ការ​ផ្ដល់​ប័ណ្ណ​សមាជិក​នេះ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​មិន​តម្រូវការ​ឲ្យ​អ្នក​សូម​ចូល​បង់​ប្រាក់​ឡើយ !






















ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »