នៅថ្ងៃទី២១
ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ᧵ ខែភទ្របទ គឺជាបិណ្ឌទី០៥ នារដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនៅទីស្នាក់ការកណ្ដាលមិត្តសមាគមខ្មែរកម្ពុជាក្រោម
ក្នុងបរិវេណវត្តសាមគ្គីរង្សី ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
គណៈកម្មាធិការនាយក និង សមាជិក សមាជិកា មិត្តសមាគមខ្មែរកម្ពុជាក្រោមបានប្រារព្ធពិធីកាន់បិណ្ឌ
វេរប្រគេនភោជនាហារចំពោះព្រះសង្ឃ និង
បង្សុកូលឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរសមណៈ វីរបុរស វីរនារី ខ្មែរ
ខ្មែរកម្ពុជាក្រោមដែលបានពលីព្រះជន្ម និង ជីវិតដើម្បីបុព្វហេតុជាតិ សាសនា មាតុភូមិ
ជាពិសេសគឺថ្នាក់ដឹកនាំមិត្តសមាគមខ្មែរកម្ពុជាក្រោមគ្រប់ជំនាន់ដែលបានចាកលោក
ក្នុងនោះមានលោកឧកញ៉ាឡឹម ឯម ស្ថាបនិកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម ។
ពិធីនេះ
មានការអញ្ជើញចូលរួមរបស់បងប្អូនខ្មែរកម្ពុជាក្រោមដែលជាសមាជិក សមាជិការបស់សមាគមប្រមាណ
៥០ នាក់មកពីរាជធានីភ្នំពេញ និងខេត្តមួយចំនួន ។
ថ្លែងក្នុងពិធីបុណ្យ
លោក ប៊ុន មុនី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមបានរំឭកឡើងវិញនូវគុណោបការៈ
និង
ប្រវត្តិរូបសង្ខេបរបស់ថ្នាក់ដឹកនាំមិត្តសមាគមខ្មែរកម្ពុជាក្រោមគ្រប់ជំនាន់ ។
ក្នុងឱកាសនេះផងដែរ
តបតាមសំណើពីគណៈកម្មាធិការនាយក បងប្អូនសមាជិក សមាជិកា បានចូលរួមប្រមូលថវិកាសរុបចំនួន
៦៦ម៉ឺន រៀល ដើម្បីវេរប្រគេនចំពេះព្រះសង្ឃវត្តសាមគ្គីរង្សី
ចូលក្នុងបច្ច័យកសាងវត្ត ។
ក្រោយពីពិធីសាសនាកិច្ច
បងប្អូនសមាជិក សមាជិកាបានទទួលអាហារសាមគ្គីជុំគ្នា ៕