កាលពីថ្ងៃទី២៤ និង ២៥ ខែមករា ឆ្នាំ២០១៧
គណៈប្រតិភូមិត្តសមាគមខ្មែរកម្ពុជាក្រោម ដឹកនាំដោយលោក ស៊ីម វិចិត្រ
អគ្គលេខាធិការបានចុះទៅសួរសុខទុក្ខ និង ធ្វើអន្តរាគមន៍ចំពោះគ្រួសារអ្នកស្រី
ជោត សាវ៉េត នៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជួបវិបត្តិផ្លូវច្បាប់ទម្លាប់ជាមួយនឹងអាជ្ញាធរដែនដី
។
ក្នុងរយៈពេលប៉ុន្មានជិតមួយឆ្នាំកន្លងមក អ្នកស្រីជោត
សាវ៉េតត្រូវរង់ការរើសអើងពីសំណាក់អាជ្ញាធរមូលដ្ឋាន ជាពិសេសពីអនុប្រធានប៉ុស្តិ៍នគរបាលឃុំឈើតុំ
ដែលរារាំងការងារប្រកបមុខរបរចាក់ធុងបាស់ដោយមិនច្បាស់មូលហេតុ ។
ថ្មីៗនេះ អ្នកស្រីក៏រង់ពាក្យបណ្ដឹងថាជាជនជាតិយួន
កាប់ឆ្ការដីធ្លីដោយខុសច្បាប់ ។ អំពីអាជ្ញាធរភូមិ ឃុំ ដោយយល់ច្រឡំថា អ្នកស្រីជោត
សាវ៉េតជាជនជាតិយួន អន្តោប្រវេសន៍ខុសច្បាប់ ក៏មានវិធានការមិនត្រឹមត្រូវចំពោះអ្នកស្រី
។
ក្នុងកិច្ចប្រជុំដែលមានវត្តមានរបស់គណៈប្រតិភូមិត្តសមាគមខ្មែរកម្ពុជាក្រោម
មន្ត្រីសាលាឃុំឈើតុំ ប្រធានភូមិក្បាលទាហាន និង នគរបាលឃុំឈើតុំ ដែលមានលោក
ប៉ាក ផល ប្រធានក្រុមប្រឹក្សាឃុំឈើតុំជាអធិបតី លោកស៊ីម វិចិត្រ តំណាងគណៈប្រតិភូមិត្តសមាគមខ្មែរកម្ពុជាក្រោមបានបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណអ្នកស្រី
ជោត សាវ៉េត ពិតជាជនជាតិខ្មែរដែលមានដើមកំណើតកម្ពុជាក្រោម ហើយលោកក៏បានសំដែងនូវការសោកស្ដាយចំពោះការយល់ច្រឡំនាំឲ្យមានការរើសអើងចំពោះអ្នកស្រី
ជោត សាវ៉េត ។
ជាការឆ្លើយតប លោក ប៉ាក ផល ប្រធានក្រុមប្រឹក្សាឃុំឈើតុំបានជម្រាបគណៈប្រតិភូមិត្តសមាគមខ្មែរកម្ពុជាក្រោមអំពីសាវតារនៃសំណុំរឿងពាក់ព័ន្ធអ្នកស្រី
ជោត សាវ៉េត លោកក៏មានការសោកស្ដាយដោយសារតែអ្នកស្រី ជោត សាវ៉េតមិនបានបង្ហាញអត្តសញ្ញាណច្បាស់លាស់ដល់អាជ្ញាធរមានសមត្ថកិច្ច
។ លោក ប៉ាក ផល ក៏បញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោកតែតែស្រឡាញ់ប្រជារាស្ត្រដូចជាកូនចៅ
ដោយគ្មានការរើសអើងឡើង ដោយសារតែគោលនយោបាយរបស់រដ្ឋចំពោះជនជាតិខុសៗគ្នា មានភាពខុសគ្នា
ដូច្នោះក៏មានការអនុវត្តិខុសចំពោះអ្នកស្រី តាំងពិពេលនេះតទៅ អ្នកស្រីជោត
សាវ៉េត នឹងត្រូវបានទទួលស្គាល់ និង ឲ្យទទួលបានសិទ្ធិ និង ករណីយកិច្ចដូចបងប្អូនខ្មែរដទៃដែរ
។
លោកលី សុខា ប្រធានស្នងការទំនាក់ទំនងរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោមបានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីបានរៀបចំពេលវេលាជួនជាមួយនឹងគណៈប្រតិភូមិត្តសមាគម
និង ស្នើលោក ប៉ាក ផល ក្នុងនាមជាថ្នាក់មេបា ជួយយកចិត្តទុកដាក់ និង បង្កភាពងាយស្រាលឲ្យអ្នកស្រី
ជោត សាវេត ឲ្យអាចរស់នៅបានសុខសាន្តបំផុត ។
ក្នុងឱកាសនេះផងដែរ គណៈប្រតិភូមិត្តសមាគមខ្មែរកម្ពុជាក្រោមក៏បានអញ្ជើញចូលសួរសុខទុក្ខគ្រួសារអ្នកស្រី
គឹម ធីវ៉េ ដែលមានស្រុកកំណើតនៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង បានឡើងមកតាំងទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជាកាលអំឡុងឆ្នាំ១៩៨៥
ដោយរងការគំរាមកំហែងរបស់អាជ្ញាធរយៀកណាមក្នុងព្រឹត្តិការណ៍ កាសេ៥០ (KC50)
។ គណៈប្រតិភូក៏បានជូនអ្នកស្រីនូវថវិកា
៤០,០០០៛ ។