នៅថ្ងៃអាទិត្យ ទី០៥
ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការនាយកនៃមិត្តសមាគមខ្មែរកម្ពុជាក្រោមបានបើកអង្គប្រជុំមួយដើម្បីបូកសរុបការងាររបស់សមាគមក្នុងឆ្នាំ២០១៦
និង ពិភាក្សាផែនការណ៍ការងារសម្រាប់ឆ្នាំ២០១៧ ។
អង្គប្រជុំមានការមន្ត
និង អញ្ជើញចូលរួមរបស់១២ អង្គ និង រូប
ដែលជាសមាជិកនៃគណៈកម្មាធិការនាយកក្រោមអធិបតីភាពរបស់លោក ប៊ុន មុនី
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ។
ឆ្នាំ២០១៦ជាឆ្នាំដែលមិត្តសមាគមខ្មែរកម្ពុជាក្រោមបោះជំហានមួយដ៏សំខាន់
គឺមិត្តសមាគមខ្មែរកម្ពុជាក្រោមបានប្រារព្ធមហាសន្និបាតរបស់ខ្លួនដោយជោគជ័យ
ហើយជ្រើសរើសបានគណៈកម្មាធិការនាយកថ្មីសម្រាប់អាណត្តិការណ៍ ២០១៦ – ២០២១ ។
អង្គប្រជុំបានបូកសរុបការងាររបស់សមាគមក្នុងឆ្នាំ២០១៦កន្លង
រួមមានការចេញប័ណ្ណសមាជិក និង លិខិតបញ្ជាក់
ដើម្បីជួយបញ្ជាក់អត្តសញ្ញាណជូនបងប្អូនខ្មែរកម្ពុជាក្រោម ការងារមនុស្សធម៌
និង សង្គមកិច្ច និង ការងាររក្សាវប្បធម៌ជាតិ ដោយមានជាអាទិ៍ ៖
១. ក្នុងឆ្នាំ២០១៦
មិត្តសមាគមបានផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនជាង ៣៥០ ករណី
ក្នុងនោះជិត៣០០ ករណីរាយការណ៍មកមិត្តសមាគមថាពេលដែលបងប្អូនបានបង្ហាញឯកសារផ្ដល់ជូនដោយសមាគមត្រូវបានអាជ្ញាធរដែនដីទទួលស្គាល់ជាជនជាតិខ្មែរ
ហើយផ្ដល់លក្ខណៈងាយស្រួលជាច្រើនក្នុងការបំពេញបែបបទសុំឯកសារអត្រានុកូលដ្ឋានដើម្បីរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
មិនមានករណីណាត្រូវបានកត់សម្គាល់ថាត្រូវបានអាជ្ញាធរដែនដីបដិសេធន៍ឡើយ ។
២. អំពីការងារសង្គមកិច្ច
និង មនុស្សធម៌ ៖ ក្នុងឆ្នាំ២០១៦
មិត្តសមាគមបានចូលរួមសួរសុខទុក្ខបងប្អូនខ្មែរកម្ពុជាក្រោមដែលជាជនក្រីក្រ
ចាស់ព្រឹទ្ធាចារ្យដែលមានជំងឺ ចូលរួមរំលែកទុក្ខគ្រួសារខ្មែរកម្ពុជាក្រោម
ចូលរួមបុណ្យទានទាំងឡាយតាមបែបព្រះពុទ្ធសាសនា ដោយសម្ភារៈ និង ថវិកា
ក្នុងតម្លៃសរុបជាង $២០០០ (ពីរពាន់ដុល្លារសហរដ្ឋអាមេរិក)
។
៣. ក្នុងកិច្ចការរក្សាវប្បធម៌ប្រពៃណីជាតិ
ក្នុងឆ្នាំ២០១៦ មិត្តសមាគមខ្មែរកម្ពុជាក្រោមបានបង្កើតព្រឹត្តិការជួបជុំនាបុណ្យចូលឆ្នាំថ្មី
និង ចូលរួមប្រកួតអុំទូកងក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក
បណ្ដែតប្រទីប និង សំពះព្រះខែ ដែលបានចំណាយថវិកាសរុបជិត $៤,០០០ (បួនពាន់ដុល្លារសហរដ្ឋអាមេរិក) ។
អំពីថវិការបស់មិត្តសមាគម
លោកអគ្គហេរញ្ញិកបានរាយការណ៍ជូនអង្គប្រជុំអំពីខ្ទង់ចំណូល និង
ចំណាយរបស់សមាគមក្នុងខែធ្នូ ឆ្នាំ២០១៦ និង ខែមករា ឆ្នាំ២០១៧ និង
ស្ថានភាពថវិការបស់សមាគម និង របស់មូលនិធិមរណសង្គ្រោះ ។
អង្គប្រជុំក៏បានអនុម័តផ្ទេរភារកិច្ចលោក
ចៅ គឹមយិន ពីអគ្គលេខាធិការរងទទួលបន្ទុកការងាររដ្ឋបាល ទៅជា
អគ្គលេខាធិការរងទទួលបន្ទុកការងារជាហេរញ្ញិក និង ភារកិច្ចលោក កឹម វិសាល
ជាអគ្គហេរញ្ញិក និង ទទួលបន្ទុកការងារបេឡាធិការ ដែលជាសំណើរបស់លោកប្រធាន
ប៊ុន មុនី ដោយសំឡេងគាំទ្រ១០០% ។
ដើម្បីការចំណាយថវិការបស់មិត្តសមាគមខ្មែរកម្ពុជាក្រោមធានាបានការឆ្លើយតបទាន់តម្រូវការការងារ
ប្រកបដោយតម្លាភាព និង ប្រជាធិបតេយ្យស្របតាមលក្ខន្តិកៈរបស់សមាគម
អង្គប្រជុំបានអនុម័តបង្កើតគណៈកម្មការពិសេសតំណាងឲ្យគណៈកម្មាធិការនាយកសម្រេចការចំណាយរបស់សមាគមក្នុងករណីបន្ទាន់ដោយមានសមាសភាព
០៥ រូប ។
ការងារមួយចំនួនផ្សេងទៀត
នឹង ផែនការណ៍សកម្មភាពសមាគមសម្រាប់ឆ្នាំ២០១៧ ក៏បានលើកឡើងពិភាក្សា និង
ត្រូវបានអង្គប្រជុំអនុម័តដែរ ។